(រតនគិរី)៖ សិក្ខាសាលាស្តីពីការរៀបចំគម្រោងសេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំធ្វើឡើងនៅរដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកជា ប៊ុនហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី។

លោក មួង ប៉ាង បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុង ស្រុក (គ.ក.ស.ក.) ទីចាត់ការនិងមន្ទីរជំនាញនៃរដ្ឋបាលខេត្ត ព្រមទាំងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក.) នៅក្នុងការរៀបចំផែនការសកម្មភាពនិងថវិកាគម្រោង ឬសកម្មភាព សេវាសង្គម និងដាក់បញ្ចូលគម្រោង ឬសកម្មភាពសេវាសង្គមទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាឆ្នាំ២០២៦ ឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក មួង ប៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វ ដែលជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្រទាំងថវិកា និងបច្ចេកទេសនាពេលកន្លងមក និងរហូតដល់បច្ចុប្បន្ននេះផងដែរ។ ក្នុងការអនុវត្តគម្រោង សកម្មភាពកន្លងមក បន្ទាប់ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានគ្រោងថវិកាសេវាសង្គមសម្រាប់គាំទ្រដល់ក្រុមគោលដៅងាយរងគ្រោះ ដើម្បីជួយគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់មកឃើញថា កម្រិតនៃជីវភាព និងការដោះស្រាយទុក្ខកង្វល់ផ្សេងៗរបស់ក្រុមគាត់បានល្អប្រសើរ និងទាន់ពេលវេលាប្រកបដោយសក្តិសិទ្ធភាព ពិសេសជនងាយរងគ្រោះ និងជនមានពិការភាព។

ថ្លែងបើកសិក្ខាសាលា ដ៏មានសារៈសំខាន់នេះលោក ជា ប៊ុនហេង បានលើកឡើងថា ការលើកកម្ពស់សេវាសង្គម នៅតែកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនេះ ការអនុវត្តកិច្ចការងារសេវាសង្គមប្រកបដោយភាពឆ្លើយតប គណនេយ្យភាព បរិយាបន្ន និងសមធម៌ ទាមទារនូវការប្តេជ្ញាចិត្ត និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតួអង្គប្រតិបត្តិផ្ទាល់។

លោកបានបន្តថា ដើម្បីរួមចំណែកនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស សូមរដ្ឋបាលខេត្តបន្តជំរុញ ណែនាំ តម្រង់ទិស សម្របសម្រួល និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការរៀបចំផែនការ និងការវិភាជថវិកា សំដៅចូលរួមគាំទ្រការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិនានា ដែលមានគោលដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សដូចជា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការផ្ទេរសាច់ប្រាក់ ប្រាក់ឧបត្ថម្ភជនមានពិការភាព និងកម្មវិធីអាហារូបករណ៍ជាដើម។

លោកសង្ឃឹមថា សិក្ខាសលានេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ ដើម្បីធ្វើការរួមគ្នាក្នុងការបន្តលើក កម្ពស់ការអនុវត្តការងារសេវាសង្គមនៅក្នុងខេត្តរបស់ខ្លួន ដោយធ្វើពិនិត្យមើលលើការរៀបចំផែនការសកម្មភាព និងថវិកាគម្រោង ឬសកម្មភាពសេវាសង្គម និងដាក់បញ្ចូល គម្រោង ឬសកម្មភាពសេវាសង្គមទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោង ថវិកាឆ្នាំ២០២៦ ដើម្បីរួមចំណែកក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕