(តាកែវ)៖ នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងប្រតិបត្តិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ ក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធស្រុកចំនួន៣ ធ្វើការបង្រ្កាបទីតាំងល្បែងខុសច្បាប់ចំនួន៥ទីតាំង ដែលកំពុងតែបើកដំណើរការខុសច្បាប់នៅក្នុងទឹកដីរបស់ខ្លួន។
លោកអភិបាលរងខេត្តតាកែវ បានថ្លែងបន្តថា សម្រាប់ខេត្តតាកែវ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនល្បែង ចំនួន៤អាជ្ញាប័ណ្ណ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែក្រុមហ៊ុន២ប៉ុណ្ណោះបានដំណើរការ និង២ក្រុមហ៊ុនទៀត បានបិទអាជីវកម្មរបស់ខ្លួន។ បើយោងតាមការចុះអង្កេតរបស់គណៈកម្មាធិការគ្រប់គ្រងល្បែង បានរកឃើញទីតាំងល្បែងខុសច្បាប់ចំនួន៥ទីតាំង នៅស្រុក៣ គឺស្រុកគីរីវង់ ស្រុកបូរីជលសារ និងស្រុកព្រៃកប្បាស កំពុងតែបើកដំណើរការដោយខុសច្បាប់។
លោក ស៊ុត ខុន បានបន្ថែមទៀតថា បញ្ហាទីតាំងល្បែងខុសច្បាប់ទាំង៥ទីតាំងនេះ អាជ្ញាធរស្រុកទាំង៣ ដែលមានទីតាំងល្បែងខុសច្បាប់ ត្រូវចាត់វិធានការណ៍ជាបន្ទាន់ ក្នុងការចុះទៅបង្ក្រាប និងបិទទីតាំងល្បែងខុសច្បាប់ទាំង៥កន្លែងខាងលើឲ្យបានលឿន ហើយត្រូវរាយការណ៍មកកាន់រដ្ឋបាលខេត្តឲ្យបានឆាប់ ព្រោះមិនអាចអនុញ្ញាតឲ្យមានការលេងល្បែងខុសច្បាប់ ដែលនាំឲ្យមានបញ្ហាដល់សង្គមនោះទេ។
ម្យ៉ាងទៀត អាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កុំលេងល្បែងស៊ីសងខុសច្បាប់ ដែលនាំឲ្យមានបញ្ហាដល់ខ្លួន និងសង្គមជាតិផងដែរ៕