(កំពង់ឆ្នាំង)៖ ប្រជាកសិករស្ទើរគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរធ្វើស្រែចំការ ពិសេសប្រជាកសិករក្នុងស្រុករលាប្អៀរ បានភ្ជួររាស់ដីស្រែចំការរបស់ពួកគាត់ និងបានសាបព្រួសស្រូវវស្សាជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំនាដើមរដូវវស្សាឆ្នាំនេះ, ការដែលប្រជាកសិករបានចាប់ផ្ដើមសម្រុកភ្ជួររាស់សាបព្រួសស្រូវវស្សារបស់ពួកគាត់ពីដើមរដូវបែបនេះដោយសារតែធម្មជាតិអំណោយផល ព្រោះមានរបបទឹកភ្លៀងធ្លាក់ពីដើមរដូវយ៉ាងជោកជាំ ដែលធ្វើឲ្យប្រជាកសិករមានឱកាសអាចភ្ជួររាស់សាបព្រួសស្រូវបានពីដើមឆ្នាំ ដើម្បីមានពេលវេលាក្នុងការប្រកបមុខរបររកស៊ីផ្សេងៗទៀ ត។
លោក ផន សុភាព ប្រជាកសិករមានមុខរបរធ្វើស្រែម្នាក់ រស់នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនប្រជាកសិករមានមុខរបរធ្វើស្រែចំការ ឡើងត្នោត និងធ្វើក្អមឆ្នាំងលក់ តាំងពីសម័យដូនតាមក។ ដោយឡែកការធ្វើស្រែកាលពីពេលមុនៗ គឺគេតម្រូវសាបជាសំណាបជាមុនសិន ទើបដកសំណាបយកទៅស្ទូងទើបចំណាយ ពេលវេលាយូរចំពោះការសាបសំណាបនេះផងដែរ ក៏ត្រូវការទឹកជោគជាំដើម្បីភ្ជួរដាស់ត្រឡប់ដីទុកឲ្យងាប់ស្មៅ ទើបអាចភ្ជួរជាលើកទី២ ហើយយកស្រូវមកសាបសំណាបបាន ការធ្វើរបៀបនេះដើម្បីកុំឱ្យមានស្មៅដុះនៅក្នុងថ្នាល សំណាបពិបាកក្នុងការដកសំណាបយកទៅស្ទូងបន្ត។
លោកបន្តថា ចំណែកឯស្រែសម្រាប់ស្ទូងស្រូវវិញក៏ដូច្នោះដែរ គឺត្រូវតែភ្ជួរដីដាស់ទុកចោលឲ្យងាប់ស្មៅសិនទើបអាចភ្ជួររាស់យកសំណាបទៅស្ទូងបាន ការធ្វើស្រែពីសម័យមុនៗមិនពិបាកថែទាំ ឬប្រើជីបាញ់ថ្នាំកំចាត់សត្វល្អិត ឬក៏ដកស្មៅក្នុងស្រូវនោះឡើយ រីឯទិន្នផលវិញក៏ទទួលបានល្អប្រសើរផងដែរ។ តែបច្ចុប្បន្ននេះប្រជាកសិករប្រមាណ ៨០ភាគរយហើយ ដែលធ្វើស្រែដោយឈប់សាបសំណាប និងស្ទូ ងដូចពីសម័យមុនៗប្រជាកសិករងាកមកធ្វើស្រែរបៀបដូចបច្ចុប្បន្ននេះ គឺគ្រាន់តែភ្ជួររាស់រួចយកស្រូវមកព្រួសតែម្ដង ការធ្វើរបៀបនេះវាអាចកាត់បន្ថយនូវពេលវេលាសម្រាប់ការដើរហើររកស៊ីធ្វើការងារផ្សេងៗទៀត នឹងមិនចំណា យកម្លាំងពលកម្មច្រើនដូចដែលយើងត្រូវដកស្ទូងដូចពេលមុនៗនោះដែរ។
ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះក្នុងផ្ទះគ្រួសារនីមួយៗ មិនមានកូនចៅនៅជុំគ្នាជាកម្លាំងពលកម្មក្នុងការជួយធ្វើស្រែឪពុកម្ដាយដូចពីពេលមុនៗនោះទេគឺពួក គេបានចេញដើរហើរកស៊ី និងធ្វើការរោងចក្រឯក្រុងភ្នំពេ ញស្ទើរគ្រប់ផ្ទះអស់ហើយ បើទោះជាមានប្រាក់សម្រាប់ជួលគេមកធ្វើស្រែក៏រកមនុស្សជួលមិនបានដែរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៦ ខែវិថុនា ឆ្នាំ២០២៥នេះថា ការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងនារដូវវស្សាឆ្នាំនេះ សម្រាប់ផ្ទៃដីភ្ជួររាស់ដាំដុះគឺធ្វើបានចំនួន ៨៤ ៧៤៣ហិកតា (ដោយគ្រឿងយន្ត)ផ្ទៃដីសាបសំណាបមានចំនួន ៣៧ហិកតា, ផ្ទៃដីដាំដុះ(ព្រួសស្រូវ) មានចំនួន៨៤ ៧៤៣ហិកតាស្មើនឹង ៥៨,៤៤ភាគរយលើផែនការ ១៤៥ ០០០ហិកតា ក្នុងនោះព្រួសស្រូវស្រាល១៩ ៦៤១ហិកតា, ស្រូវកណ្ដាល២៨ ៥៦៧ហិកតា,និងព្រួសស្រូវធ្ងន់ ៣៦ ៥៣៥ ហិកតា ប្រៀបធៀបឆ្នាំ២០២៤ លឿនជាង ២២ ០២៥ហិកតា។
លោកបានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះស្ថានភាពរបបទឹកភ្លៀងឆ្នាំនេះគឺបានធ្លាក់ជោគជាំពីដើមឆ្នាំបង្កលក្ខណៈឲ្យប្រជាកសិករបានបង្កបង្កើតផលពីដើមរដូវផងដែរ៕