(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ «បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិ ក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។
ក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា បានចែករំលែកបទពិសោធ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជា បានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាក រហូតដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំងដល់ពិភពលោកពី តម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនង មិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។
ទន្ទឹមនេះ រដ្ឋមន្ដ្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការរក្សានូវនិរន្តភាពជារឿងដ៏ពិបាកតែអាចសម្រេចតាមរយៈសកម្មភាពរួមគ្នា ជាក់ស្តែងដែលលោកបានលើកជា អនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើងដោយ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា ត្រូវបានទទួលការសាទរគាំទ្រ និងត្រូវបានយកជាកម្មវត្ថុ នៃគំនិតពិភាក្សា ក្នុងសនិ្នសីទកម្រិតអន្តរជាតិដែលគាំទ្រ ដោយអង្គការសហប្រជាជាតិទេសចរណ៍ (UNWTO)៕