(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ រដ្ឋបាលខេត្ត រួមមាន ប្រធានមន្ទីរ អង្គភាព និងអភិបាល ក្រុង ស្រុក អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២។
ក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចតែងតែផ្ដាំផ្ញើសាកសួរសុខទុក្ខកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាកងកម្លាំងទាំងអស់។ លោកបន្ដថា រដ្ឋបាលខេត្តបាត់ដំបង តែងតែចុះសំណេះសំណាលសាកសួរសុខទុក្ខជារឿយៗ ជាមួយកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្មារតីនៃការផ្សាភ្ជាប់រវាងមន្រ្តីរាជការនៅជួរក្រោយ ជាមួយកងកម្លាំងជួរមុខរហូតមក។
លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ត្រូវជំរុញចលនាកៀរគរជំនួយជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំង ដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត។
លោក សុខ លូ បានរំលឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះគោលជំហរក្នុងការការពារបូរណភាពទឹកដី និងចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ អាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ។
ជាមួយគ្នានោះ លោក សុខ លូ បានណែនាំដល់កងកម្លាំង និងអាជ្ញាធរស្រុកនៅជាប់ព្រំដែនត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីជំរុញតំបន់ព្រំដែនទៅជាព្រំដែន មានសុខសន្តិភាព និងការអភិវឌ្ឍ ខណៈតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កំពុងមានស្ថានភាពល្អប្រសើរ ទាំងការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរចេញចូលប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន នៃប្រទេសទាំងពីរនៅតាមច្រកព្រំដែន៕