(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិរ បានអំពាវនាវគ្រួសារដែលត្រូវស្ថិតិ សូមផ្តល់ព័ត៌មានពិតប្រាកដជូនដល់មន្រ្តីជំនាញ ដើម្បីផ្តល់ភាពងាយស្រួល ដល់ការគណនាអត្រាភាពក្រីក្រ នៅកម្ពុជា។
ការអំពាវពាវបែបនេះរបស់លោក រិន វីរៈ បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជា ឆ្នាំ២០២៥ ដោយប្រើប្រាស់ម៉ាស៉ីនថាប្លេក សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។
នាឱកាសនោះដែរ លោកបានថ្លែងថា ការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចដោយប្រើប្រាស់ម៉ាស៊ីនថាប្លេត មានភាពងាយស្រួលចំណេញពេលវេលា និងមានភាពច្បាស់លាស់ ខណៈនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ការប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានឹងត្រូវបញ្ចប់ ហើយក្រសួងផែនការនឹងរៀបចំផ្សព្វផ្សាយជាផ្លូវការ។
លោក រិន វីរៈ បានបន្តថា ប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជា គឺត្រូវធ្វើឡើងឱ្យត្រឹមត្រូវដោយយោងទៅតាមច្បាប់ស្ថិតិ អភិក្រមនៃប្រព័ន្ធទិន្នន័យស្ថិតិ។ ហើយនិន្នន័យស្ថិតិដែលល្អ ត្រូវមានគុណភាព មានភាពជឿជាក់ពីអ្នកប្រើប្រាស់ និងទាន់ពេលវេលាជាដើម។
មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានអំពាវនាវយ៉ាងដូច្នេះថា៖ «បើយើងធ្វើល្អហើយប៉ុន្តេ យូរផ្សព្វផ្សាយ នោះគឺជាទិន្នន័យស្អុយហើយ សូមសុំណូមពរទៅដល់មន្ត្រីដែលត្រូវចុះប្រមូលនៅតាមរាជធានី ខេត្ត ក៏ដូចជាគ្រួសារទាំងអស់ដែលត្រូវជ្រើសរើសជាគ្រួសារគំរូ សម្រាប់ប្រមូលទិន្នន័យស្ថិតិ សូមមេត្តាបន្ផ្តល់ព័ត៌មាន ឱ្យជាក់លាក់ ពីព្រោះព័ត៌មានដែលជូន តាមច្បាប់ស្ថិតិ គឺជាព័ត៌មាន សម្ងាត់ប្រមូលមកសម្រាប់តែធ្វើគោលនយោបាយនោះទេ […] ការប្រមូលទិន្នន័យ គឺយកមកដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិយើងទេ»។
បន្ថែមពីនេះ លោកបានទទូចសុំឱ្យគ្រួសារទាំងអស់ដែលត្រូវបានជ្រើសរើស សុំកុំព្រួយបារម្ភសុំផ្តល់ទិន្នន័យឱ្យបានជាក់លាក់ជូនមន្ត្រីស្ថិតិ ដូច្នេះហើយនឹងធ្វើឱ្យមន្ត្រីទទួលបានព័ត៌មានពិត ដើម្បីអាចប្រមូលមកវិភាគបានត្រឹមត្រូវ រហូតឈានទៅរៀបចំគោលនយោបាយសេដ្ឋកិច្ច សង្គម ច្បាស់លាស់។ ពីព្រោះទិន្នន័យសេដ្ឋកិច្ច និងសង្គមនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគណនាអត្រាភាពក្រីក្រនៅកម្ពុជា ការគណនាកំណើនសេដ្ឋកិច្ចជាតិ និងការគណនាកំណើត GDP សម្រាប់ផលិតផលសរុបរបស់មនុស្សម្នាក់ៗ ជាពិសេសការរៀបចំផែនគោលនយោបាយរបស់ក្រសួង ស្ថាប័នផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ៕