(ប៉ារី-បារាំង)៖ តបតាមការអញ្ជើញរួមរបស់លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) និងលោក Rodrigo Chaves Robles ប្រធានាធិបតីនៃសាធារណរដ្ឋកូស្តារីកា, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា OECD កម្រិតថ្នាក់រដ្ឋមន្ត្រី (OECD MCM) ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ហើយនៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងក្នុងពិធីបើក OECD MCM ដោយមានផ្ទេរតំណែងសហប្រធានកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ OECD (SEARP) ពីប្រទេសអូស្ត្រាលី និងវៀតណាម មក ប្រទេសកាណាដា និងហ្វីលីពីន។

អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ការបន្តសហការរវាងអាស៊ាន និង OECD ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការជំរុញការអនុវត្តនិយ័តកម្មល្អៗ ការផ្តល់អាទិភាពលើការអភិវឌ្ឍប្រកបដោយចីរភាព និងយកកំណើនប្រកបដោយបរិយាប័្ននជាចំណុចស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចរបស់តំបន់។

នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំ២.២ នៃកិច្ចប្រជុំក្រុមប្រឹក្សា OECD កម្រិតថ្នាក់រដ្ឋមន្ត្រី (OECD MCM) ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានចែករំលែកពីទស្សនវិស័យរបស់អាស៊ាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីបង្កើនច្រវ៉ាក់តម្លៃសកលឱ្យកាន់តែមានស្ថិរភាព និងកាន់តែមានភាពស្វាហាប់។

នៅរសៀលថ្ងៃដដែល អគ្គលេខាធិការអាស៊ានបានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំ ៣.២ នៃកិច្ចប្រជុំក្រុមប្រឹក្សា OECD កម្រិតថ្នាក់រដ្ឋមន្ត្រី (OECD MCM) ឆ្នាំ២០២៥។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័្នន ដើម្បីពង្រឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតនាឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Elmer Schialer Salcedo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប៉េរូ ព្រមទាំងការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចរបស់លោកជំទាវ Dina Ercilia Boluarte Zegarra ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ មកកាន់លេខាធិការដ្ឋានអាស៊ាន នៅខែសីហា ខាងមុខ។

លោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយលោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីដំណើរការចូលក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) របស់ឥណ្ឌូណេស៊ី ការវិវត្តន៍នៃសេដ្ឋកិច្ចសកលពេលបច្ចុប្បន្ន ព្រមទាំង ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាដើម។

នៅរសៀលថ្ងៃទី៣ ខែមិថុនាដដែល លោកបណ្ឌិត កៅ គឹមហួនបានជួបពិភាក្សាការងារជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី។ ភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមដ៏មានសារៈសំខាន់របស់សិង្ហបុរីចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក៏ដូចជា រិះរកវិធីដើម្បីពង្រឹងរបៀបវារៈវិបុលភាពរបស់អាស៊ាន រួមទាំងតាមរយៈការតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងជំហានឆ្ពោះទៅសម្រេចបានទីផ្សារតែមួយរបស់អាស៊ាន។

ដោយឡែកនៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន អបានជួបពិភាក្សាការងារជាមួយលោក Nguyen Van Thang រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម។ ភាគីទាំងពីរបានពិភាក្សាជុំវិញការវិវត្តន៍ផ្នែកសេដ្ឋកិច្ចសកលពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ និងការរៀបចំផែនការពេលខាងមុខជុំវិញហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦ ដល់ ២០៣០ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ហើយនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារិះរកកាលានុវត្តថ្មីៗដើម្បីពង្រឹងការចូលរួមរវាងអាស៊ាន និង OECD ព្រមទាំងតម្រឹមការជួយគាំទ្ររបស់ OECD ជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

នៅទីក្រុងប៉ារីស ប្រទេសបារាំងដដែល អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Syahril Syazli Ghazali តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសម៉ាឡេស៊ី សម្រាប់ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលទើបបានបញ្ចប់កាលពីពេលថ្មីៗ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីមួយដែលបើកទូលាយ មានតម្លាភាព និងផ្អែកលើច្បាប់ ដែលផ្តោតលើ WTO។

នៅរសៀលថ្ងៃទី៤ ខែមិថុនា លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់កាណាដា។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតជុំវិញការរិះរកកាលានុវត្តភាពដ៏មានសក្តានុពលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ឱ្យស្របគ្នាជាមួយការអនុវត្តកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ OECD (SEARP) ក្នុងឆ្នាំ២០២៦ រួមទាំងវិស័យជាក់លាក់ដើម្បីគាំទ្រដល់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាបាយជាមួយសមាជិកគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងប៉ារីស (ACP)។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន-បារាំង រួមទាំងការប្រារព្វខួបអនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍នៅឆ្នាំនេះផងដែរ។ លោកបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ ACP នៅក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-បារាំង ហើយទន្ទឹងទទួលបានភាពជាដៃគូអាស៊ាន-បារាំងមួយដែលកាន់តែរឹងមុំា នៅពេលអនាគត។

នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Thani Mohamed Soilihi រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិរបស់បារាំង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង ស្របពេលដែលអាស៊ាន និងបារាំង ប្រារព្ធខួបអនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូរបស់ពួកគេនៅឆ្នាំនេះ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Remy Rioux នាយកប្រតិបត្តិទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះតួនាទីរបស់ AFD ក្នុងការជួយគាំទ្រដល់ការអនុវត្តគម្រោងនានា នៅក្រោមភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-បារាំងផងដែរ៕