(រតនគីរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ​បានថ្លែងអំណរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានប្តូរផ្តាច់ និងត្រៀមលក្ខខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី​ ក្នុងករណីមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។​​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធិផលនានា ក្នុងវិស័យអប់រំនៅខេត្តរតនគីរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបវរធិបតីបានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺបុកមុខព្រួញទាំង៣ រួមមាន​បច្ចេកទេស ច្បាប់អន្តរជាតិ និងការត្រៀមលក្ខណៈការពារទឹកដី ក្នុងករណីមានការឈ្លានណាមួយ។

សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីចឹងជំហររបស់យើងប៉ុណ្ណឹង មិនមែនលើកទ័ពទៅដើម្បីវាយនោះទេ ការពារខ្លួន គឺរៀងខ្លួន ប៉ុន្តែយន្តការដែលយើងប្រកាន់ គឺបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល អានោះគឺជាផែនការបំរុងរបស់យើងជាយថាហេតុ ការពារដាច់ខាតនូវអធិបតេយ្យភាពជាតិរបស់យើង។នេះគឺជាកិច្ចការសំខាន់ ហើយខ្ញុំសុំអរគុណណាស់ ចំពោះស្មារតីដ៏រឹងមាំរបស់វីរៈកងទ័ព និងនគរបាលជាតិរបស់យើងដែលកំពុងឈរជើងនៅខាងមុខ គ្រប់បណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលឈរជើង ប្តូរផ្តាច់ ត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបូរណភាពទឹកដី បើសិនជាមានការឈ្លានពាន តាមការប្រើប្រាស់កងទ័ព»

ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រជាកម្លាំងចិត្ត​ រួមទាំងធនធានថវិកា សម្ភារ ជាពិសេសការផ្តល់កម្លាំងចិត្ត​នៅពីក្រោយកងទ័ពរបស់​។

សម្តេចមានប្រសាសន៍ថា ខណៈនេះគឺជាកិច្ចការដ៏សំខាន់ និងជាពេលវេលាដ៏លំបាកដែលប្រជាជាតិមួយទាំងមូល ត្រូវរួមសាមគ្គីគ្នា ​និងផ្តល់ជាកម្លាំងដល់កងទ័ពរបស់យើង ជាមួយគណៈកម្មការជាតិចរចាព្រំដែន និងរដ្ឋាភិបាល។​ ​

សូមជម្រាបថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ និងកម្ពុជា បានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ​នៅចំណុចមុំ៣ នៃខេត្តព្រះវិហារក្នុងទឹកដីកម្ពុជា។ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ។

ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ ​

ដោយឡែកក្នុងជំនួបពិភាក្សា រវាងឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ​កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ​ភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ​៕