(ឈីងតាវ)៖ តបតាមអញ្ជើញរបស់សម្ព័ន្ទឡូជីស្ទុីកAiLA និងសភាពាណិជ្ជកម្មឡូជីស្ទ៉ីកប្រចាំទីក្រុងឈីងតាវ ប្រទេសចិន លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅថ្ងៃទី០៥ និងទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមទៅចូលរួមពិធីតាំងពិពណ៌ឡូជីស្ទីកអន្តរជាតិលើកទី៤។

ក្នុងនោះ លោកប្រធានត្រូវបានអញ្ជើញជាគណៈអធិបតីតំណាងឱ្យកម្ពុជា និងបានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានកោតសរសើរអំពីការរីកចម្រើននៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសចិនលើគ្រប់វិស័យ រួមទាំងពង្រីកវិសាលភាពទៅតាមបណ្តារប្រទេសផ្សេងៗជាច្រើនតាមរយៈវិនិយោគរួមទាំងកម្ពុជាផងដែរ ដោយកត្តាខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសចិនធំ និងរឹងមាំដែលធ្វើឱ្យសេវាគាំទ្រនៃក្រុមហ៊ុនឡូជីស្ទីកចាំបាច់ត្រូវរកដៃគូសហការគ្នាទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស និងនៅលើសកលលោក។

លោកក៏បានបន្ថែមទៀតថា៖ «ចិនជាទីផ្សារធំ ខ្សែច្រវាក់ផ្គត់ផ្គង់ធំ ហើយបណ្តាញទំនាក់ទំនងធំ រួមទាំងដៃគូល្អក្នុងកិច្ចសហប្រតិបត្តិការគ្នារវាងក្រុមហ៊ុនឡូជីស្ទីក និងឡូជីស្ទីកដូចគ្នា។ ខ្ញុំសូមស្នើឱ្យក្រុមហ៊ុនចិន មកធ្វើទស្សកិច្ចនៅកម្ពុជា ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា»

បន្ទាប់ពីថ្លែងចំណាប់អារម្មណ៍ លោកប្រធានត្រូវបានអញ្ជើញសម្ពោធបើកកម្មវិធី និងចុះហត្ថខា សហប្រតិបត្តិការជាមួយស្ថាប័នជាច្រើនដែលជាដៃគូទៀតផង។

សូមបញ្ជាក់បន្ថែមថា គណៈប្រតិភូសមាគមក៏ត្រូវបានអញ្ជើញ ទទួលទានអាហារសាមគ្គី និងភ្ជាប់បណ្តាញទំនាក់ទំនងដោយមានការចូលរួមពីម្ចាស់ផ្ទះ និងមកពីបណ្តាប្រទេសផ្សេងទៀតចំនួន៧០០នាក់ និងអ្នកទស្សនាការតាំងពិពណ៌ក្នុងរយៈពេល២ថ្ងៃ ដោយមានមនុស្សចូលប្រមាណ ១៥ ០០០នាក់៕