(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីសេអ៊ូល សាធារណរស្ឋកូរ៉េ។

ជំនួបនេះ បានពិភាក្សាលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ច នៅកម្ពុជារបស់ក្រុមហ៊ុន នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០។

នាក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់កន្លងមក និងស្នើសុំបន្តជួយបន្ត ព្រមទាំងពង្រីកបន្ថែមទៀត តាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី ហួត ហាក់ ស្នើក្រុមហ៊ុនជួយផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាន នាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយចាក់ផ្សាយវីដែអូឃ្លីបផ្សព្វផ្សាយទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ហើយក្រសួងទេសចរណ៍រីករាយស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីជួបពិភាក្សាការងារសហប្រតិបត្តិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕