(ឧត្តរមានជ័យ)៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដបិទច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកទ្វារព្រំដែនអន្ដរជាតិជាំ និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់។
លោក រ៉ែម ផល្លាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ពិតជាបិទដោយឯកតោភាគីពីភាគីថៃ នៅវេលាម៉ោង០៧៖០០នាទីយប់នេះពិតប្រាកដមែន ដែលជាធម្មតានេះច្រកនេះ បិទនៅម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។
បន្ថែមពីនេះ សេចក្តីរាយការណ៍បានអះអាងថា ទាំងច្រកទ្វារអន្ដរជាតិជាំ និងច្រកទ្វារអន្ដរជាតិអូរស្មាច់ ភាគីថៃបានជូនដំណឹងមកថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ពួកគេបើកដំណើរការចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង៣រសៀល។
សម្រាប់ច្រកទ្វារអន្តរជាតិទាំង២នេះ ពួកគេនឹងបើកដំណើរឲ្យចេញ-ចូល រយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ ពោលនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។