(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញសំណេះសំណាល និងចែកសាច់គោ (គួរបាន) ចំនួន ១០០ក្បាល ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៥ នៅវិហារធំគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គោគួរបានខាងលើ ទទួលបានពីអង្គការមូនិធិ Diyanet នៃសារធារណៈរដ្ឋទួរគីយេ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយសម្រាប់ឆ្នាំ២០២៥ នេះមានចំនួន៣០០ក្បាល សម្រាប់ចែកជូនសាសនិកឥស្លាម តាមរាជធានី ខេត្តផ្សេងៗ។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់អង្គការ Diyanet នៃសាធារណៈរដ្ឋទួរគីយេ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយគោគួរបាន ដល់សហគមន៍ឥស្លាមកម្ពុជា និងបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលទួរគីយេផងដែរ ដែលកន្លងមកតែងតែគាំទ្រលើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា និងលើវិស័យផ្សេងៗទៀត។
ក្រៅពីគោគួរបានជារៀងរាល់ឆ្នាំ អង្គការ Diyanet បានផ្តល់អំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន និងផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅបំពេញការសិក្សានៅប្រទេសទួរគីយេជាដើម។
លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តដឹកនាំពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ និងបានធានាមកនូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។
លោកបណ្ឌិតបន្ថែមថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា គម្រោងកម្មវិធីចែកសាច់គោ (គួរបាន) ឆ្នាំ២០២៥នេះ អង្គការមូនិធិ Diyanet នៃសារធារណៈរដ្ឋទួរគី បានផ្ដល់ជូនតាមរយៈ សមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) មានគោសរុប ចំនួន ៣០០ ក្បាល សម្រាប់អនុវត្តន៍ចែកជូនពលរដ្ឋ នៅតាមរាជធានី ខេត្តគោលដៅ ដូចជា គោលដៅរាជធានីភ្នំពេញចំនួន ១០០ក្បាល សម្រាប់បែងចែក នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង តាកែវ និងព្រះសីហនុ។
គោលដៅខេត្តកំពង់ធំ សម្រាប់បែងចែកក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងសៀមរាប។ រីឯគោលដៅ ខេត្តបាត់ដំបង ចំនួន១០០ក្បាល សម្រាប់បែងចែកនៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕