(ឧត្តរមានជ័យ)៖ សម្រាប់ច្រកទ្វារធំៗចំនួន៣ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

សេចក្តីរាយការណ៍ពីលោក ង៉ាន សេងឡុង ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ដែលបានសួរបញ្ជាក់ទៅកាន់មន្រ្តីប្រចាំច្រកទ្វារទាំង៣នេះ បានឲ្យដឹងថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ត្រូវថៃ សម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដោយពួកគេជូនដំណឹងមកថា បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។

មិនខុសពីច្រកទ្វារអន្តរជាតិអូរស្មាច់ដែរ សម្រាប់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ត្រូវបានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដោយបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។ ​

ដោយឡែកច្រកទ្វារជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃសម្រេចបិទដោយឯកតោភាគីនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ។​ ភាគីថៃជូនដំណឹងមកថា ច្រកនេះបើកក្នុង១សប្តាហ៍៣ថ្ងៃ គឺ​ថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៨​ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់៕