(ភ្នំពេញ)៖ យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។
ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។
ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ ផ្អែកតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានឲ្យដឹងថា ទំនិញភាគច្រើនរបស់ថៃ គឺត្រូវបាននាំចូលមកប្រទេសកម្ពុជា ខណៈទំនិញកម្ពុជានាំទៅថៃតិចជាងទំនិញថៃនាំចូល ដូច្នេះហើយចំពោះផលលំបាក គឺជាពាណិជ្ជករថៃទៅវិញទេដែលជួបការលំបាកជាងកម្ពុជា ដោយសារការសម្រេចចិត្តដោយឯកតោភាគីពីសំណាក់ក្រុមយោធាថៃ ក្រោយទទួលបានសិទ្ធិនាយករដ្ឋមន្ដ្រីថៃ។
ចំពោះមុខនៃការផ្លាស់ប្ដូរម៉ោងចេញចូល និងកំណត់ថ្ងៃនៅច្រកទ្វារព្រំដែន អភិបាលខេត្តកម្ពុជាជាប់ព្រំដែនថៃទាំងអស់ បានបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចរន្ដនៃការចេញចូលនៅតាមព្រំដែន ពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីធ្វើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយគ្នាទៅវិញ ដោយសំដៅធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះ៕