(ឧត្តរមានជ័យ)៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។
ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា ត្រូវបានអមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងសហការី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។
នាឱកាសនោះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការកោតសរសើរស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ព ដើម្បីការពារ «ជាតិ សាសនា ព្រះមហា្សត្រ»។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺដើម្បីគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅជួរមុខ ដែលថែរក្សាអធិបតេយ្យជាតិ និងព្រំដែនជាតិនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្តេចឥស្សរវិទេសបញ្ញា ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងផងដែរ៕