(ឧត្តរមានជ័យ)៖ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានរម្លឹករឿងដែលថៃ ចាញ់ក្តីប្រាសាទព្រះវិហារ ទាំង២លើក នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្តេចឥស្សរវិទេសបញ្ញា បានឲ្យដឹងថា ថៃចាញ់ក្តីដ៏អាម៉ាស ព្រោះតែការឈ្លានពានដែនដីកម្ពុជាដោយបំភ្លៃការពិត តាមរយៈការយកផែនទីគូសដោយឯកតោភាគីទៅតតាំង ខណៈកម្ពុជាឈ្នះដោយសារយកផែនទីឧបសម្ព័ន្ធ១ ដែលគូសដោយសន្ធិសញ្ញាបារាំងនិងសៀមទៅតតាំង។
ការរម្លឹករបស់សម្តេចឥស្សរវិទេសបញ្ញា បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើង តាមបណ្តោយព្រំដែនកម្ពុជានិងថៃ នៅខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខ ទិសយោធភូមិភាគទី៤ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស៕
ខាងក្រោមនេះជាវិដេអូ៖