(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្ត ចំពោះព័ត៌មាននេះ។ បើតាមការលើកឡើងរបស់លោក ប៉ែន ប៉ូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោក ប៉ែន ប៉ូណា បានលើកឡើងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖
ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។
ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។
ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ )ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។
ទី៤៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបានគឺជាមហាជោគជ័យមួយទៀត សម្រាប់ប្រទេសជាតិនិងប្រជាជនយើង។
ទី៥៖ ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរដើម្បីការពារបូរណភាពទឹកដី។
ទី៦៖ យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព»ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះយើងទាំងអស់គ្នាគួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ នៃយើងដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាមទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។
ទី៧៖ បេសកកម្មការពារបូរណភាពទឹកដីនៅវែងឆ្ងាយទៅមុខទៀតដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពយើងដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដីប្រកបដោយទំនុកចិត្តដែលរាជរដ្ឋាភិបាលកំពុងធ្វើគឺ យន្តការតុលាការអន្តរជាតិដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ។ ដូច្នេះយើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់ និងប្តូរផ្តាច់បំផុត។
ទី៨៖ យើងទាំងអស់គ្នាប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារឹករបស់ថ្នាក់ដឹកនាំយើងគឺ «ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ សូម្បីមួយមីល្លីម៉ែត្រ» និង «ការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ» នេះគឺជាតម្លៃនៃជាតិសាសន៍យើងពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារ តែដាច់ខាតនិងម៉ឺងម៉ាត់មិនឱ្យបរទេសប្រមាថ៕