(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរជូនចំពោះ លោក Lee Jae-myung ចំពោះការជាប់ឆ្នោត និងចូលកាន់តំណែងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
តាមរយៈសារលិខិត សម្តេចតេជោ បានលើកឡើងថា ជ័យជំនះរបស់ លោក Lee Jae-myung បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែលប្រជាជននៃសាធារណរដ្ឋកូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅអនាគតរបស់លោក។
សម្តេចបានគូសបញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជាពិសេសវិស័យការទូតសភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។
សម្តេចបានអះអាងថា ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតីកូរ៉េរូបនេះ ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ៖