(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម បានលើកឡើងថា សព្វថ្ងៃ គណនេយ្យករជំនាញ ដែលកំពុងផ្ដល់សេវាវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបជាមួយនឹងជនបរទេស និងជនជាតិខ្មែរ គឺមានចំនួនស្មើគ្នា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ប៊ូ ថារិន អញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធសៀវភៅគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) និងការផ្ដល់រង្វាន់អាហារូបករណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
លោក ប៊ូ ថារិន បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់សព្វថ្ងៃ គណនេយ្យករជំនាញ ដែលកំពុងផ្ដល់សេវាវិជ្ជាជីវៈ បើប្រៀបធៀបជាមួយនឹងជនបរទេស និងជនជាតិខ្មែរ មានចំនួនស្មើគ្នា ដូច្នេះហើយ ការកសាងមូលធនមនុស្ស ដើម្បីជំនួសឲ្យជនបរទេស គឺជាការចាំបាច់ ដែលជាបេសកម្មរបស់យើង»។
លោក ប៊ូ ថារិន បានឲ្យដឹងថា ក្រោមការគិតគូរក្នុងរយៈពេលវែង ការផ្ដល់អាជ្ញាប័ណ្ណដល់ការប្រកបវិទ្យាជីវៈសវនកម្ម គឺយកចិត្ដទុកដាក់ទៅលើជនជាតិខ្មែរ ប៉ុន្ដែក្នុងកាលៈទេសៈមួយ ដែលជនជាតិខ្មែរ មិនមានចំនួនគ្រប់គ្រាន់ រាជរដ្ឋាភិបាល សម្រេចឲ្យបន្ដផ្ដល់ការទទួលស្គាល់ ផ្ដល់អាជ្ញាប័ណ្ណដល់ជនបរទេស។
អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម បានគូសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍នេះ គឺជាចំណុចចាប់ផ្ដើមមួយ សម្រាប់ប្អូនៗ ក្មួយៗ ដើម្បីបង្កើនចំនួនធនធានមនុស្ស ដែលជាគណនេយ្យករជំនាញរបស់កម្ពុជាផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោក ប៊ូ ថារិន ក៏សូមផ្ដាំផ្ញើដល់ក្មួយៗ ដែលជាជ័យលាភី ទទួលអាហារូបករណ៍ទាំងអស់ សូមប្រឹងប្រែងក្នុងការសិក្សា ក៏ដូចជាត្រូវយល់ដឹងបន្ថែម លើក្របសីលធម៌ ក្នុងនាមជាគណនេយ្យករជំនាញ ហើយត្រូវមានភាពស្មោះត្រង់ រក្សាការសម្ងាត់ និងមានគោលដៅច្បាស់លាស់ ដើម្បីបង្កើនកម្រិតគុណវឌ្ឍ តាមជំនាញរបស់ខ្លួន។
ក្នុងឱកាសនោះផងដែរ លោក ប៊ូ ថារិន បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានគណនេយ្យធុរកិច្ច ដែលបានផ្ដល់អាហារូបករណ៍ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនេះ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍មូលធនមនុស្ស ប្រកបដោយគុណវឌ្ឍ។
លោក ប៊ូ ថារិន បានលើកឡើងថា ការធ្វើបែបនេះ ជាគោលដៅកសាងសង្គមជាតិកម្ពុជា ប្រកបដោយចំណេះដឹង និងភាពប្រកួតប្រជែង ស្របតាមទិសដៅយុទ្ធសាស្ដ្រ និងវិធានការ គោលនយោបាយនានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រាកដនិយម របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
លោក ប៊ូ ថារិន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ឲ្យអនុវត្ដជាផ្លូវការ នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះ មនុស្សត្រូវបានកំណត់ជាអាទិភាពគន្លឹះ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
បន្ថែមពីនោះទៀត លោក ប៊ូ ថារិន បានឲ្យដឹងថា យុទ្ធសាស្ដ្រអភិវឌ្ឍន៍ វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ឆ្នាំ២០២៥-២០៣៥ របស់និយ័តករគណនេយ្យ និងសវនកម្ម ក៏បានកំណត់យកការកសាងមូលធនមនុស្ស ជាពិសេសមូលធនមនុស្ស ក្នុងជំនាញគណនេយ្យ និងសវនកម្ម សម្រាប់ទីផ្សារ៕