(ពោធិ៍សាត់)៖ ក្រុមជំនួយការសាងសង់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានចេញលិខិតអំពាវនាវសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគ ធនធានហិរញ្ញវត្ថុ ក្នុងការរួមចំណែក ដើម្បីសម្រេចដោយជោគជ័យ ក្នុងការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ (ទំហំ៥៤ម៉ែត្រ X ២២ម៉ែត្រ កំពស់៥ជាន់)។

គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ផ្តួចផ្តើមសាងសង់ដោយ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ (ហៅលោកតាហួរ)។

ក្នុងសេចក្តីអំពាវនាវនោះ បានឱ្យដឹងថា ដោយផ្តោតលើការប្រើប្រាស់មូលនិធិសប្បុរសជន ក្នុងគោលដៅបំរើវិស័យសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងជាបន្តបន្ទាប់ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជន ក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគ ធនធានហិរញ្ញវត្ថុ ក្នុងការរួមចំណែក ដើម្បីសម្រេចដោយជោគជ័យ ក្នុងការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ (ទំហំ៥៤ម៉ែត្រ X ២២ម៉ែត្រ កំពស់៥ជាន់) ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ការចូលរួមបរិច្ចាគធនធាន របស់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ពិតជាមានតម្លៃណាស់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែមានលក្ខណៈទំនើបឈានឡើង ក៏នឹងបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុត ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្ម ជួយដល់ការថែទាំសុខភាព និងការព្យាបាលជូនប្រជាពលរដ្ឋទូទៅ ដែលបានមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ទុកជាមុន នូវទឹកចិត្តសប្បុរស និងសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩៦៩៨/ ០១២ ៩៧៩ ៦៤០

អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖
*លេខគណនី 0400-00266360-50
*លេខគណនី 0400-00266360-51