(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។
លោក ងិន ណែល អភិបាលខេត្តស្តីទី បានលើកឡើថា ដោយមានកិច្ចគាំទ្រជាធនធាន និងកម្លាំងកាយចិត្តពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវលទ្ធផលជាច្រើន សំដៅ បម្រើឧត្តមប្រយោជន៍របស់មូលដ្ឋាន។ លទ្ធផលទាំងនេះបានចូលរួមចំណែកធ្វើជាមូលដ្ឋានសម្រាប់ពិនិត្យ វាយតម្លៃ និងតម្រង់ទិស ដៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលនយោបាយ និងឆ្លើយតបទៅនឹងតម្រូវការ ជាអាទិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងនាមថ្នាក់ដឹកនាំខេត្តរតនគិរី លោក ងិន ណែល បានស្នើសុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បន្តគាំទ្រដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការតម្រង់ទិសដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអនុវត្តគោលនយោបាយ វិធានការណ៍ គោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមរយៈការចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ការចូលរួមព្រឹត្តិការណ៍នានានៅមូលដ្ឋាន ដើម្បីទទួលយក នូវសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ និងពង្រឹងពង្រីកភាពស្និទ្ធស្នាល ភាព ទាក់ទាញ ក៏ដូចជាការខិតខំរកដំណោះស្រាយ ស្របតាមក្របខណ្ឌគោលនយោបាយ សេចក្តី ណែនាំលេខ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារ និងអាជ្ញាធរដែនដី ដែលរួមសហការគ្នាអនុវត្តភារកិច្ច៣ខែ ដើមឆ្នាំ២០២៥នេះ ទទួលបានជោគជ័យល្អប្រសើរ។ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានកន្លងមក លោកបានដាក់ចេញនូវទិសដៅការងារមួយចំនួនដូចខាងក្រោម៖
*ទី១៖ បន្តអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព
*ទី២៖ ជំរុញការងារអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀនជាដើម។ល។ កែលំអរសោភណ្ឌភាព រមណីយដ្ឋាន ទេសចរណ៍ក្នុងខេត្ត ទីក្រុង ទីប្រជុំជន សំដៅដល់ការទុកដាក់ និងប្រមូលសំរាមឲ្យមានអនាម័យស្អាត
*ទី៣៖ ពង្រឹងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនដល់ប្រជាពលរដ្ឋ ពង្រឹងលើការិយាល័យច្រកចេញចូលតែមួយ ដោយធ្វើការងារឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ មន្ត្រីទាំងអស់ត្រូវខិតខំកែលម្អឥរិយាបថក្នុងការបម្រើ សេវាដល់ប្រជាពលរដ្ឋដោយស្មោះត្រង់ ជាពិសេសមន្ត្រីដែលនៅកៀកនឹង ប្រជាពលរដ្ឋ ដោយពង្រឹងការអនុវត្ត នូវអភិក្រមទាំង៥គឺ ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់
*ទី៤៖ ត្រូវជំរុញការងារចុះបញ្ជី អត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។ ជាពិសេសលើ កិច្ចការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ដល់យុវជនដែលមានអាយុ ចាប់ពី១៥ឆ្នាំឡើង និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផុត សុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ ជូនប្រជាពលរដ្ឋ ស្របតាម ការណែនាំរបស់ក្រសួងមហាផ្ទៃ
*ទី៥៖ ការចាត់វិធានការ ការពារបរិស្ថាន ការពារសម្បត្តិធនធានធម្មជាតិ (ព្រៃឈើ) និងត្រូវទប់ស្កាត់ការកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន
*ទី៦៖ យកចិត្តទុកដាក់ដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ
*ទី៧៖ បន្តការងារចុះតាមមូលដ្ឋាន ចិញ្ចឹមចលនានៅមូលដ្ឋាន ឲ្យបានជាប់ជាប្រចាំ និងធ្វើវេទិការ សាធារណៈជាមួយប្រជាពលរដ្ឋ ដោយក្ដាប់ពីសំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ
*ទី៨៖ ពង្រឹងរបៀបរបបធ្វើការងាររបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវមានរបាយការណ៍ និងទិសដៅអនុវត្តបន្តការងាររបស់ក្រុមការងារគ្រប់ជាន់ថ្នាក់៕