(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ។
ការបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល បានធ្វើឡើងនៅក្នុងពេលត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់មន្ត្រីនគរបាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៃការប្រព្រឹត្តទៅរបស់សង្គមជាតិដល់កងកម្លាំងជាច្រើន នៅថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥។
លោកស្នងការបានក្រើនរំឭកលើការងារមួយចំនួនដល់កងកម្លាំងសូមឱ្យថ្នាក់ដឹកនាំនាយការិយាល័យជំនាញធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទក្នុងការដឹកនាំបញ្ជាបំពេញភារកិច្ចប្រចាំថ្ងៃតាមសេចក្តីរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ បន្តអនុវត្តមោះមុតតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។
ការងារប្រចាំបញ្ជាត្រូវផ្លាស់ប្ដូរវេនប្រចាំការ ក្នុងអង្គភាព ២៤ម៉ោង លើ ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន និងកិច្ចអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋនាគ្រាជួយបញ្ហាប្រឈមណាមួយដែលអាចកើត មានឡើងជាយថាហេតុ ជាពិសេសត្រៀមខ្លួនរួចជានិច្ចប្រឆាំងដាច់ខាតចំពោះឧបាយកលក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយក្ដាប់តូចដែលមានបំណងបង្ករចលាចលសន្តិសុខជាតិក្នុងនាមកងកម្លាំងប្រដាប់អាវុធការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ហើយការពារឱ្យបានសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ ហេង សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាកុំឱ្យចាញ់ល្បិចកលពួកជ្រុលនិយមមួយចំនួន ដែលតែងតែបង្កើតព័ត៌មានមិនពិតធ្វើយ៉ាងណាសំដៅបង្កភាពអសន្តិសុខតាមរូបភាពផ្សេង ដើម្បីបំផ្លេចបំផ្លាញភាពសុខដុមរមនារបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រកបដោយភាពសុខសាន្ត៕