(ស្វាយយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីព្រះវិសាលធម្មគុណ ទេព វាសនា ព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ ឧបាសិកាមាស សាលី ព្រមទាំងកូនចៅ លោកគ្រូអាចារ្យ គណៈកម្មការនិងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនអង្គ/នាក់ផងដែរ។

លោក លឹម សៀងហេង បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយគួរជាទីមោទនរបស់ប្រជាពលរដ្ឋ ព្រះសង្ឃនៅវត្តព្រៃអង្គុញ ហើយសាលាបឋមពុទ្ធិកសិក្សានេះនឹងផ្ដល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃអំពីបាលី និងធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងដែលគ្មានលទ្ធភាពសិក្សារៀនសូត្រនៅសាលាខាងក្រៅផងដែរ។ សាលាពុទ្ធិកបឋមសិក្សានេះនឹងក្លាយជាទីមានប្រយោជន៍សម្រាប់បម្រើវិស័យសាសនា និងវិស័យអបរំ ក្នុងមូលដ្ឋាន។

លោកបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រជាពលរដ្ឋមានការគោរពប្រតិបត្តិសាសនាឡើងវិញ និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិទៅតាមសាសនា ដែលខ្លួនស្រលាញ់ពេញចិត្ត ជាក់ស្ដែងដូចជានៅវត្តព្រៃអង្គុញដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់។ តួយ៉ាងដូចថ្ងៃនេះ គឺមានការបញ្ចុះបឋមសិលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាសម្រាប់ផ្ដល់ចំណេះដឹងដល់សាមណសិស្សបានរៀនសូត្រផងដែរ។

ក្នុងឱកាសនោះ ព្រះវិសាលធម្មគុណ ទេព វាសនាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ ក៏មានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដលឧបាសិកាមាស សាលី ព្រមទាំងកូនចៅដែលបានរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើនដល់វត្តព្រៃអង្គុញ ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញ មានទទឹង១១.៥ម៉ែត្រ បណ្ដោយ ៣១.៥ម៉ែត្រ កម្ពស់២ជាន់៕