(កំពង់ធំ)៖ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ​ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រារព្ធពិធី «វេទិកាសាធារណៈ» នៅវត្ត​ក្តី​តាចិន្ត ស្ថិតក្នុងភូមិក្តីតាចិន្ត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោម​អធិបតីភាព លោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អគ្គ​លេ​ខា​ធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រៀល ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋា​ភិបាល​​ចុះមូលដ្ឋានស្រុកតាំងគោក ឃុំទ្រៀល អភិបាលរងនៃគណៈ​អភិបាល​ស្រុក​តាំងគោក តំណាងមន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកំពង់ធំ តំណាង​ការិ​យា​ល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ យុវជន ប៉ុស្តិ៍នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋបាលឃុំ ​ប្រជាពលរដ្ឋក្នុ​ងមូល​ដ្ឋាន​ឃុំទ្រៀលចំនួនសរុប ៣១៨នាក់ ស្រី១០៥នាក់។

លោក ប៉ិច សុខា បានជម្រាបអង្គពិធីថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺត្រូវ​បានផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែង​ឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្ដគាំទ្រអនុវត្ដប្រ​កប​ដោយឆន្ទៈខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​ការបង្កើតយន្ដការដ៏មុតស្រួចរបស់ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីថ្នាក់ជាតិ​មានឱកាសបន្ថែមទៀតក្នុងការចូលរួមជួយអភិវឌ្ឍនៅមូលដ្ឋាននានាទូទាំងប្រទេស តាមរយៈការសហការការងារជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីចុះជួយតម្រង់ទិស, គាំទ្រ, លើកកម្ពស់, កែលម្អ និងជំរុញការផ្សារ​ភ្ជាប់រវាង​ការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមភូមិ ឃុំ និង​ស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ការធ្វើឱ្យប្រសើរឡើងនូវ​សេវា​សាធារណៈ, ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបានសណ្ដាប់ ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការជួយដោះស្រាយ​ទំនាស់ និងបញ្ហា​ប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។

ការរៀបចំវេទិកាសាធារណៈនាថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយក្នុងការបង្កើន​ភាព​ស្និទ​ស្នាល ការយល់ពីគ្នាទៅវិញទៅមករវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ និងជាពេលវេលាដ៏សំខាន់មួយដែលអាចធ្វើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រៀល ស្រុកតាំងគោក បានទទួលដោយផ្ទាល់នូវរាល់កង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទៀនកែលម្អនានា ក្នុង​គោល​ដៅស្ថាបនាដល់គ្រប់អង្គភាពដែលស្ថិតក្រោមចំណុះរដ្ឋបាលឃុំទ្រៀល ដើម្បី​​ពង្រឹងការអនុវត្តការផ្តល់សេវាសាធារណៈឱ្យបានល្អ ទាន់ពេលវេលា កាត់​បន្ថយភាពមិនប្រក្រតី អំពើពុករលួយ ចំណុចអសកម្ម ដើម្បីបង្កើននូវ​ការជឿ​ទុក​ចិត្តពីសំណាក់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន ស្របតាមឆន្ទៈ និងការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការលើកកម្ពស់សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់​ស្កាត់ នូវគ្រោះមហន្តរាយនានានៅក្នុងមូលដ្ឋាន។

លោក ប៉ិច សុខា បានបញ្ជាក់អំពីគោលបំណងសំខាន់នៃការរៀនចំវេទិកា​សា​ធារណៈថ្ងៃនេះ មានៗចំនួន៣ដូចខាងក្រោម៖
១៖ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពល​រដ្ឋទាំង​អស់​បន្ថែមទៀត តាមរយៈការជួបប្រាស្រ័យទាក់ទងផ្ទាល់​ជាមួយប្រជា​ពលរដ្ឋ​នៅ​តាមមូលដ្ឋាន ដើម្បីសាកសួរសុខទុក្ខ និងស្វែងយល់បន្ថែមអំពីជីវភាពរស់នៅ​ជាក់​ស្ដែង និងអាចឱ្យក្រុមការងារស្ដាប់នូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហា​ប្រឈមនានារបស់ពុកម៉ែបងប្អូននៅតាមមូលដ្ឋានឃុំទ្រៀល។

២៖ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្របញ្ច​កោណ​ដំណាក់កាលទី១ ព្រមទាំងសមិទ្ធផលនានារបស់រដ្ឋា​ភិបាលជូន​ប្រជាពល​រដ្ឋ​ជ្រាប និងស្វែងរកការគាំទ្រនិងការចូលរួមអនុវត្ត។

៣៖ បន្តជួយពិនិត្យសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូល​ដ្ឋាន​ឃុំទ្រៀល ដើម្បីកំណត់វិធានការ និងជំរុញការដោះស្រាយទៅតាមតម្រូវការ និង​សភាពការណ៍ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ តាមដែលអាចធ្វើបាន។

លោក ប៉ិច សុខា បានសង្កត់ធ្ងន់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋជាកង្វល់របស់​រាជ​រដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដាក់ចេញគោល​នយោ​បាយ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅក្នុងអាណត្តិទី៧​នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយ​អាទិភាព​គន្លឹះ​ចំនួន៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទន្ទឹមនេះ ក្នុងគោលបំណងកសាងរដ្ឋបាលសាធារណៈប្រកប​ដោយសមត្ថភាព និងស្អាតស្អំ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបាន​កាន់តែ​ល្អ​ប្រ​សើរ កសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើគុណធម៌ និង​សុខ​ភាពល្អមាំមួន ព្រមទាំងកសាងសង្គមមួយប្រកបដោយសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ រួមមាន៖ ទី១) ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ទី២) ការលើកកម្ពស់គុណ​ភាព​អប់​រំ ទី៣)ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤) ការពង្រឹង​ការ​អនុវត្ត​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងទី៥) ការពង្រឹង និង​លើក​កម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ចំណុចរបស់រាជរដ្ឋាភិបាលនៅក្នុង​អាណត្តិទី៧នេះ មានគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះគ្រួសារងាយរងហានិភ័យ យុវជន អ្នក​ប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ មន្ត្រីរាជការ អតីត​យុទ្ធ​ជន និងមន្ត្រីចូលនិវត្តន៍ ដែលមានតម្រូវការចំាចាច់ក្នុងការទទួលបាន​សេវា​គាំ​ពារសង្គម ក៏ដូចជាថែទាំសុខភាព និងអប់រំរួមមាន៖
១) ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពល​រដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខ​ភាព​គ្រប់ៗគ្នា។

២) យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះ​បណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ ហើយថែមទាំង​ទទួល​បានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

៣) ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាម​រយៈកម្ម​វិធី​ជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺនៅ​ពេល​ពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំ​ជួយ​ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

៤) អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយក៏អាច​ទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

៥) ប្រជាកសិករនឹងទទួលបាននូវការគាំពារ​តាមរយៈការដាក់ចេញ​នូវយន្ត​ការ​សម្របសម្រួល និងកម្មវិធីផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យ​កសិករ​ខាត​បង់ឡើយ។

៦)រាជរដ្ឋាភិបាលបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករ​នៅគ្រប់​ឃុំ-​សង្កាត់​ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅ​ទូទាំង​ប្រទេស ដើម្បីការពារផលប្រយោជន៍របស់កសិករ។

ក្នុងវេទិកានោះ អង្គពិធីទាំងមូល បានប្រកាសគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​ចំណាត់​ការដ៏ម៉ឺងម៉ាត់ប្រកបដោយចក្ខុវិស័យគិតគូរវែងឆ្ងាយ និងឆន្ទៈមនសិការ​ជាតិ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមរយៈការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះ​ស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្របតាមច្បាប់អន្តរជាតិ ព្រមទាំង​ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចារ ដើម្បីឈានទៅ​ពន្លត់​និងបញ្ចប់វិវាទនៅតំបន់ព្រំដែនដ៏រសើបនេះ ហើយងាកមករក្សា និងកសាង​ព្រំដែន​ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាមួយគ្នានេះ កម្ពុជានៅតែរក្សាសិទ្ធិស្វ័យការពារខ្លួនក្នុងការការពារ​បូរណភាព​ទឹក​ដី​តាមគ្រប់មធ្យោបាយ ក្នុងករណីមានការឈ្លានពានណាមួយកើតឡើង។ អង្គពិធីទាំងមូល បានប្តេជ្ញាចិត្តរួបរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្រោម​ការដឹ​ក​នាំ​ដ៏ឈ្លាសវៃនិងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះវិធានការផ្លូរច្បាប់ ការទូត និងយោធា សំដៅរក្សាការពារឱ្យ​បានដាច់ខាត​នូវ​សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ។

អង្គពិធី បពថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរចំពោះវីរភាព​របស់​កង​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី​យ៉ាង​អង់អាចក្លាហាននៅតាមបណ្តោយព្រំដែន។

លោក ប៉ិច សុខា បានលើកឡើងផងដែរថា នៅក្នុងវេទិកាសា​ធារណៈ​នេះ នឹងអាចឱ្យក្រុមការងារ និងគ្រប់អង្គភាពពាក់ព័ន្ធដែលស្ថិតក្រោម​ចំណុះឃុំទ្រៀលនេះបានស្តាប់ បានដឹង បានយល់ ក្នុងគោលដៅដើម្បីពង្រឹង​ការ​អនុវត្តការផ្តល់សេវាសាធារណៈ កាត់បន្ថយភាពអសកម្ម អំពើពុករលួយ ដើម្បី​បង្កើន​នូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន មកលើរាជ​រដ្ឋា​ភិ​បាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តការអភិវឌ្ឍមូលដ្ឋាន​ឃុំទ្រៀលឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែម៕