(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមបើកទទួលពាក្យ លើប្រព័ន្ធអនឡាញហើយ ចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda25/ សម្រាប់ចូលរួម ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥។

ជាក់ស្ដែង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥» ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» ក្រោមអធិបតីលោក សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក សំ សិទ្ធិសេរី បានថ្លែងថា «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥» ធ្វើឡើងក្នុងគោលបំណងជំរុញ និងគាំទ្រនវានុវត្តន៍ធុរៈកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖

* ការទទួលស្គាល់ (Recognition)៖ អបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

* ការជំរុញគាំទ្រ (Empowerment)៖ លើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និងអង្គភាពរដ្ឋាភិបាល ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមានភាពជោគជ័យ រយៈពេលវែងលើបរិវត្តកម្មឌីជីថល នៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។

* ការផ្សារភ្ជាប់ទំនាក់ទំនង (Connection)៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមួយ និងអ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីឌីជីថលនូវកម្ពុជា និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល។

* ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជន បានបង្ហាញនូវស្នាដៃ និងសមិទិ្ធផលជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។

បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន៣០,០០០ដុល្លារ និងបែងចែកជា៥ប្រភេទ ពានរង្វាន់រួមមាន៖

១៖ ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year)
២៖ ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year)
៣៖ មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year)
៤៖ ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ (Minister Startup of the year)
៥៖ ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕