(ភ្នំពេញ)៖ ឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ សាប៊ី ពិន្ថា ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អតីតសមាជិករដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលជាស្វាមីលោកជំទាវ នៅថ្ងៃអាទិត្យ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខ និងសេចក្តីស្តាយស្រណោះអាឡោះអាល័យនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ដែលជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក ជីតាជាទីគោរពស្រឡាញ់ ប្រកបដោយសឹង្គហធម៌ និងព្រហ្មវិហារ ធម៌ចំពោះកូនចៅ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបានបន្សល់ទុកនូវស្នាដៃច្រើនឥតគណនាក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ ជាច្រើននីតិកាល នៃរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យអប់រំ សុខាភិបាល ការបណ្តុះបណ្តាល និងអភិវឌ្ឍ ធនធានមនុស្ស លើកកម្ពស់សិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដែលជាគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមមិនអាចបំភ្លេចបាន។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់រក្សា និងជួយឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕