(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញចុះសួរសុខទុក្ខកងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះសួរសុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់កងទ័ព។
យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើដំណើរចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតីចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរនោះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី សូមអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូន ជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា។
តាំងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ និងសូមថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិ និងសទ្ធាជ្រះថ្លារបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងសប្បុរស ជនទាំងអស់ សូមឱ្យសមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈកាយវិការខាងលើនេះ បានស្តែងឱ្យឃើញពីស្មារតីរួបរួម និងគាំទ្រដ៏មុះមុតរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងកិច្ចការពារទឹកដីជាមួយរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។
សប្បុរសជនអាចទាក់ទងចូលរួមឧបត្ថម្ភ៖
- ព្រះតេជព្រះគុណ ថាច់ សុធន់ ទូរស័ព្ទលេខ៖ 087 567 160
- លោក ថាច់ សុវណ្ណមុនី ទូរសូ័ព្ទលេខ៖ 097 701 0808
សប្បុរសជនក៏អាចចូលរួមឧបត្ថម្ភតាមរយៈគណនីធនាគារដូចបានភ្ជាប់ក្នុងលិខិតអំពាវនាវ៕