(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។
តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។ រូបគេបានប្រើប្រាស់ គណនី TikTok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth P G EM» ដើម្បីផ្សព្វផ្សាយវីដេអូក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ពជួរមុខ៕