(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីទីក្រុងនីល ប្រទេសបារាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្ដែនៅពេលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរស្ម័គ្រចិត្តទៅធ្វើជាភ្នាក់ងារផ្សព្វផ្សាយរបស់គេ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?
តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ បានជួយផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលបានរៀបចំឡើយ និងផ្សព្វផ្សាយវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើជាតិកម្ពុជា។
ត្រង់ចំណុចនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាដក ឬក៏ជាការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិរបស់ខ្លួន?។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួយគិត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើង ប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិ ជួយពិចារណាផងចុះ»។
សូមរំលឹកថា នាថ្មីៗនេះ មានសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។ រូបគេបានប្រើប្រាស់ គណនី TikTok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth P G EM» ដើម្បីផ្សព្វផ្សាយវីដេអូក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ពជួរមុខ។
ក្រៅពីការប្រតិកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
ករណីនេះ មន្រ្តីនគរបាលជាន់ខ្ពស់ទទួលការងារសន្តិសុខជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះក្រុមប្រឆាំងក្រោមបញ្ជារបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងបំពុលសង្គមតាមរយៈការផលិត និងចែកចាយវីដេអូ ប្រឌិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
មន្រ្តីនគរបាលជាន់ខ្ពស់ដែលទទួលបន្ទុកការងារសន្តិសុខជាតិ បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះមនុស្សមួយក្តាប់តូចដែលជាក្រុមរបស់ទណ្ឌិត សម រង្ស៉ី នៅក្រៅស្រុក បាននិងកំពុងបង្កើតចលនាផលិត និងចែកចាយ សកម្មភាពប្រឌិតស្លៀកឯកសណ្ឋានកងទ័ព ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពដ៏អង់អាចក្លាហានរបស់ជាតិ។
តាមលទ្ធផលស្រាជ្រាវ, សមត្ថកិច្ចជំនាញ បានកំណត់បុរសម្នាក់ស្លៀកឯកសណ្ឋានយោធានោះ ជាក្រុមជ្រុលនិយមនៅក្រៅប្រទេសមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស កើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៨៨ និងមានទីកន្លងកំណើត ខេត្តព្រះវិហារ ហើយបន្តមករស់នៅភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នបុគលរូបនេះរស់នៅខេត្តខនថាក់បូរី ក្រុងបាងកក ប្រទេសថៃ៕