(ឧត្តរមានជ័យ)៖ ច្រកទ្វាព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានបើកជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំង២កម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ជាធម្មតា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៍មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊ីម ហ៊ុច ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ បានឱ្យដឹងថា ច្រកព្រំដែនជប់គគីរ បានបើកដំណើរការ ជូនប្រជាពលរដ្ឋឆ្លងកាត់ នៅព្រឹកថ្ងៃអង្គារនេះ ដោយភាគីថៃបើកច្រកនៅម៉ោង០៩.០០នាទីព្រឹក រីឯភាគីកម្ពុជា ដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកនៅម៉ោង១០.០០នាទីព្រឹក និងសម្រេចបិទច្រកនេះវិញនៅម៉ោង១២.០០នាទីថ្ងៃត្រង់ដូចគ្នា។
លោក ស៊ីម ហ៊ុច ថ្លែងបញ្ជាក់ទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃកាលពីពេលថ្មីៗនេះ ហើយភាគីថៃជូនដំណឹងមកភាគីកម្ពុជាថា ច្រកជប់គគីរនេះ នឹងបើកក្នុង១សប្តាហ៍ ៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។
ដោយឡែកច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃបានសម្រេចដោយឯកតោភាគី គឺបើកឱ្យដំណើរការឆ្លងកាត់ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង ៣រសៀល រយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងសុក្រ៕