(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដើម្បីលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងសន្និសីទនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
អ្នកនាំពាក្យរូបនេះ បានបន្ដថា ទិវាជាតិនេះ គឺជាទិវាជាតិ មិនជារបស់ក្រសួងការងារ តែមួយនោះទេ ប៉ុន្ដែជាទិវាជាតិ របស់ប្រជាជនកម្ពុជាទាំងមូល ដោយមានការចូលរួមទូទាំងប្រទេស គ្រប់ខេត្ដរាជធានីទាំងអស់។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច គឺមានគោលបំណងជាក់លាក់ច្បាស់លាស់ ទីមួយ៖ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺលើកកម្ពស់ការអប់រំ ឱ្យតម្លៃ បង្ហាញពីសារៈសំខាន់ទៅដល់ប្រជាពលរដ្ឋ យុវសិស្ស វិស័យឯកជន រោងចក្រសហគ្រាស គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្ដីអំពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ នៅក្នុងគោលដៅដ៏សំខាន់មួយទៀត រាជរដ្ឋាភិបាលកម្ពុជា ចង់កសាងកម្លាំងជំនាញ ចង់កសាងគុណភាព នឹងប្រសិទ្ធភាពខ្ពស់ គឺដើម្បីបម្រើនូវទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។
បន្ថែមពីនេះ លោក ស៊ុន មេសា បានរំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ មានដូចជា៖ អ្នកចូលរួមនឹងមានផ្ទាល់ចំនួនជាង ៧ម៉ឺននាក់ នៅទូទាំងប្រទេស, សិស្សានុសិស្ស និងសាធារណជន នឹងទទួលបានព័ត៌មាន និងសារៈសំខាន់ពីវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព័ត៌មានស្តីពីអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ១,៥លាននាក់ អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានទីផ្សារការងារ ដែលត្រូវការអ្នកបច្ចេកទេសយ៉ាងច្រើន , ទទួលបាននូវតម្រូវការកម្លាំងអ្នកបច្ចេកទេស នៅតាមបណ្តាក្រុមហ៊ុនឯកជននានា, កំណើននៃការចុះឈ្មោះចូលរៀនសិស្ស និស្សិត ទៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជាពិសេសកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, បង្កើនទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្ម។
ជាថ្មីម្ដងទៀត លោក ស៊ុន មេសា បានបញ្ជាក់ដែរថា ទិវាជាតិនេះ នឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានាដែលសរុបមានចំនួន២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗដូចជា៖
*១៖ កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»
*២៖ ការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន
*៣៖ ការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព ដើម្បីទទួលបានគុណវុឌ្ឍិជាតិ និងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព
*៤៖ ការតាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រិះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចជា រ៉ូបូតអាចនិយាយឆ្លើយឆ្លងជាមួយមនុស្ស រ៉ូបូតឆុងកាហ្វេដោយស្វ័យប្រវត្តិ ព្រមទាំងឧបករណ៍ សម្ភារ និងស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់
*៥៖ ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា
*៦៖ ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំ ក្នុងថ្ងៃនោះ និង
*៧៖ មានកម្មវិធីកម្សាន្តផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏បានរំឭកដែរថា នៅក្នុងរយៈពេល២០ខែ ក្នុងការស្វែងរករបស់សម្ដេចបវេធិបតី ហ៊ុន ម៉ាណែត ហើយរោងចក្រសហគ្រាស បានកើនមកដល់ពេលនេះ បានកើនជាង ៥ ០០០ពាន់ រោងចក្រសហគ្រាស ដោយពី ៤០ ៣០០ ទៅ ៤៥ ៣៨៦ រោងចក្រសហគ្រាស ហើយកម្លាំងនៅកម្ពុជាបានកើនឡើង ១ ៦៥០ ០០០ ទៅដល់ ១ ៨៧០ ០០០ ក្នងវិស័យកាត់ដេមានរោងចក្រចំនួន១ ៦៥៧ រោងចក្រ ដោយមានកម្មករចំនួន៩៧ ម៉ឺននាក់ នេះគឺជាសមិផល ក្នុងរយៈពេល២០ខែរបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយបានជា រាជរដ្ឋាភិបាល កម្មវីធីនេះឡើង គឺដើម្បីបង្ហាញពីសារៈសំខាន់នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕