(ព្រះវិហារ)៖ អនុវត្តតាមគោលការណ៍ណែនាំអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទទួលដឹកនាំបញ្ជាដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំយកស្បៀងអាហារមួយចំនួនធំជូនគណៈបញ្ជាការនគរបាលជាតិ ការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាកដ្ឋាននគរបាលការពារព្រំដែនទឹក និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក។

ជំនួយគាំទ្រ ដែលឧត្តមសេនីយ៍ឯកអគ្គស្នងការរង បានដឹកនាំប្រតិភូដឹកជញ្ជូនពីរាជធានីភ្នំពេញ យកទៅផ្ដល់ជូនកម្លាំងនគរបាល នាឱកាសនោះរួមមានគ្រឿងឧបភោគ - បរិភោគ និង បរិក្ខារចាំបាច់ សរុបគិតជាទឹកប្រាក់ចំនួន ២០,០៦៥ដុល្លារអាមេរិក និងថវិកាសុទ្ធ ៥០,០០០ដុល្លារអាមេរិក និង៦០លានរៀល។

គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងកងកម្លាំងនគរបាលការពារព្រំដែន បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង និងសំដែងនូវការអបអរសាទរទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃមកជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូននូវស្បៀងអាហារដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ ជាមួយកងយោធពលខេមរភូមិន្ទ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-ឡាវ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រតិភាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការទទួលដឹកនាំបញ្ជាផ្ទាល់ពីអភិសន្តិបណ្ឌិត ស សុខា គឺនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងភារកិច្ច។

ប្រតិបត្តិតាមគោលការណ៍ឯកភាពពីអភិសន្តិបណ្ឌិត ស សុខា, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបង្គាប់ការចាត់តាំងឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ដឹកនាំសហការីមួយក្រុមចុះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។

បើតាមលិខិតបង្គាប់ការដដែលក្រុមការងារនេះត្រូវសហការជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជាមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន៕