(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទីរពេទ្យខេត្តក្រុង/ស្រុកទាំង៩ មន្ទីរពហុព្យាបាល ទេវិន្ទរក្សាសុខ មន្ទីរពហុព្យាបាល វែល មន្ទីរសំរាកព្យាបាលទេវិន្ទ II, មន្ទីរសំរាកព្យាបាល ស៊ី ប៉េងតាន់ មន្ត្រីរាជការសុខាភិបាល ព្រមទាំងសប្បុរសជន នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៥ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនកងទ័ពជួរមុខយុទ្ធភូមិភាគទី៥ (ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ)។
ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ តំណាងឱ្យមេបញ្ជាការយុទ្ធភូមិភាគទី៥ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនប្រតិភូមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិសេសលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលជានិច្ចជាកាលតែងតែមានការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការពារបូរណភាពទឹកដី មិនអនុញ្ញាត ឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដីហើយ។
នេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយដែលកត្តានេះ បានជួយជំរុញនិងលើកទឹកចិត្តដល់កងទ័ពជួរមុខឱ្យមានភាពមោះមុត អង់អាច ក្លាហាន និងបំពេញភារកិច្ចបំរើជាតិមាតុភូមិដោយមិនខ្លាចញញើតជាមួយខ្មាំងសត្រូវ ពិសេសហ៊ានបូជាអាយុជីវិតជូនប្រទេសជាតិ។
ជាកិច្ចបន្តលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានថ្លែងនូវការនឹករលឹកពិសេសការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ចំពោះវីរភាព អង់អាច ក្លាហាន របស់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។
លោកបានបន្តថា «អំណោយដែលប្រគល់ជូននៅពេលនេះ គឺជាផ្នែកបង្ហាញពីជាទឹកចិត្តចូលរួម ដើម្បីផ្តល់នូវកំលាំងចិត្តដល់កងទ័ពដ៏អង់អាចរបស់យើង ដើម្បីផ្សារភ្ជាប់សរភូមិមុខ និងសមរភូមិក្រោយដោយឡែកក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់យើងទាំងអស់ ដែលជាកងទ័ពអាវស បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអន្តរាគមន៍ លើការងារសង្គ្រោះនិងព្យាបាល ប្រសិនបើមានហេតុការគ្រាអាសន្នកើតឡើងជាយថាហេតុ ក្នុងការជួយកងទ័ពជួរមុខរបស់យើង»។
ជាទីបញ្ជប់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានគោរពថ្លែងអំណរគុណ ចំពោះមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យនិងមេបញ្ជាការគ្រប់កងឯកភាព ចំណុះហើយសូមឱ្យកងទ័ពរបស់យើងមានសុខភាពល្អកម្លាំងខ្លាំងខ្លា និងសូមអោយឈ្នះអស់មាសត្រូវ ក្នុងការការពារបូរណភាពទឹកដី។
សូមជម្រាបថាសម្ភារៈឧបភោគ-បរិភោគដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករ ចំនួន ២ តោន (អំណោយរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង, ត្រីខ ចំនួន ២០៧០កំប៉ុង, មី ចំនួន២៤២ កេស, ទឹកសុទ្ធ ចំនួន ១៤៥កេស, ទឹកស៊ីអ៊ីវ ចំនួន៧៤ យួរ និង២០០ដប, ទឹកត្រី ចំនួន ៥០យួរ, ពងទា ចំនួន ៣០០គ្រាប់, ភេសជ្ជៈ ចំនួន ៤០ កេស, បន្លែចម្រុះ ចំនួន ១៣០ គីឡូក្រាម, សាច់ជ្រូក ចំនួន ១២៥ គីឡូក្រាម, សាច់ក្រក ចំនួន ៤០ គីឡូក្រាម, ត្រីចំហុយ ចំនួន ៣ កន្ត្រក, ឆៃពៅផ្អែម ចំនួន១៤ គីឡូក្រាម, ត្រីងៀត ចំនួន ៤៧ គីឡូក្រាម,មុងជ្រលក់ថ្នាំ ចំនួន ២០០ មុង, ឱសថ និងសេរ៉ូម ចំនួន ៣១កេស(សេរ៉ូម ចំនួន១៦កេស និងSRO ចំនួន ១០កេសនិងឱសថ ចំនួន ៥កេស)៕