(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងសុខាភិបាល។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីលោក ជែកគី សេ ជិន, សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសនៃមន្ទីរពេទ្យជាតិ។
នៅក្នុងឱកាសដ៏ពិសេសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺតម្រងនោមនៅកម្ពុជា។ ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្ថែមទៀតថា ជំងឺតម្រងនោមនេះ ជាបញ្ហាប្រឈមមួយនៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជំរុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថាឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពកាន់តែប្រសើរឡើង។
លោកសាស្រ្តាចារ្យ បានគូសរំលេចទៀតថា តាមរយៈឧបករណ៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺធ្វើការលាងឈាមនៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។ បន្ថែមពីនេះ ការអនុវត្តទាមទារអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាមបែបនេះ ដើម្បីចេះប្រើឧបករណ៍ និងការបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញនិងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍លាងឈាមតាមស្រោមពោះនេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះ លោក Jacky Sae Chen ដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ លោកក៏បានរំលឹកអំពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅពេលនោះមិត្តចិនបានជួយគាំទ្រជាវ៉ាក់សាំង ឱសថ និងជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាកនាពេលនោះ។
មុននឹងបញ្ចប់ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អ៊ូច បូររិទ្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងចូលរួមគាំទ្រ លើកស្ទួយវិស័យសុខាភិបាលកម្ពុជា។ និងសូមជូនពរ ភ្ញៀវកិត្តិយសជាតិ-អន្តជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕