(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងពង្រីកលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) បច្ចុប្បន្នសម្រេចបាន៥៦%ហើយ។ លោកអភិបាលខេត្ត លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការវាយតម្លៃជារួមចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពាន គីហ្សូណា ក្រុងកំពង់ចាម គឺសម្រេចបាន៥៦% នៃផែនការ ក្នុងនោះរួមមាន៖ ការងារសាងសង់ផ្លូវ ប្រវែងសរុប៤៥.៥គីឡូម៉ែត្រ សម្រេចបាន៦០.២៥%, ការងារសាងសង់ស្ពាន សរុបចំនួន៨កន្លែង សម្រេចបាន៩៤.៧៥%, ការងារលូទទឹងផ្លូវ សម្រេចបាន៥០កន្លែង ស្មើនឹង៩៦.១៥%, ធ្វើប្រឡាយថ្មអក្សរ T សម្រេចបាន៥៦០ម៉ែត្រ ស្មើនឹង១៥.៩៥%, លូជ្រុង សម្រេចបាន១២,៩៤១ម៉ែត្រ ស្មើនឹង៤៦.៧២%, ការងារបើកទ្រូងផ្លូវ សរុបចំនួន១១៣កន្លែង បច្ចុប្បន្នបើកបាន៥៦កន្លែង ស្មើនឹង៥០%។

បើតាមលោកអភិបាលខេត្ត, ចំពោះទ្រូងផ្លូវ ត្រូវរៀបចំធ្វើជាសួន ដាំដើមឈើ និងដាក់អំពូលភ្លើង ដោយឡែកចំពោះភ្លើងស្តុបត្រូវដាក់ថ្មីផងដែរ៕