(តាកែវ)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយរៀបចំធ្វើនៅវិទ្យាល័យ ១ ឧសភា និងនៅតាមបណ្ដាលផ្សារមួយចំនួនក្នុងស្រុកត្រាំកក់ ព្រមទាំងមានការដង្ហែក្បួនតាមដងផ្លូវផងដែរ។

លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានថ្លែងថា ការធ្វើយុទ្ធនាការនេះគឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឲ្យយល់ដឹងពីព័ត៌មានណាពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថាយុទ្ធនាការនេះ នឹងបន្តពង្រឹងភាពស៊ាំរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយ ដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ»។

ជាមួយគ្នានេះ លោក អៀម ថៃ បានបន្ថែមថា យុទ្ធនាការនេះ ធ្វើឡើងមានគោលបំណងបង្កើនការយល់ដឹងដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងក្រុមអាជីវករ ឱ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយក្នុងការការពារខ្លួនពីព័ត៌មានក្លែងក្លាយទាំងនោះ និងធ្វើឱ្យពួកគាត់ចេះថ្លឹងថ្លែង វិភាគ និងវាយតម្លៃព័ត៌មាន មុននឹងជឿ ឬចែករំលែក។

បន្ថែមពីនេះ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជួយសម្រួលដល់ការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន និងជំរុញឱ្យសិស្សានុសិស្ស និងអាជីវករក្លាយជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

លោក ទូច ចន្ទី អភិបាលរងស្រុកត្រាំកក់ បានលើកឡើងផងដែរថា ការចុះមកផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ឱ្យយល់ដឹងពីពត៌មានក្លែងក្លាយនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសង្គមបច្ចុប្បន្ន។

បើតាមលោកអភិបាលរងខេត្ត, ព័ត៌មានក្លែងក្លាយអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ត្រូវតែមានការយល់ដឹងស៊ីជម្រៅអំពីរបៀបសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿឬចែករំលែកបន្ត៕