(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែ​បនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ?

ជាការឆ្លើយតប លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ»

លោកបានបន្ថែមថា៖ «កម្ពុជាបានត្រៀមរៀបចំរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ JBC ខាងមុខនេះ ដែលត្រូវប្រព្រឹត្តទៅក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក។ ការប្រើវិធីរបៀបនេះ វាមិនធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរជាគោលការណ៍ ដូចបានលើកឡើងខាងលើនោះឡើយ ផ្ទុុយទៅវិញវាគ្រាន់តែធ្វើឱ្យភាពតានតឹងកើនឡើងប៉ុណ្ណោះ»

សូមបញ្ជាក់ថា ភាគីថៃ កាលពីពេលថ្មីៗនេះ បានស្នើឱ្យកម្ពុជាដាក់បញ្ចូលរបៀបវារៈចំណុចទាំង៤ ដែលកម្ពុជាសម្រេចប្តឹងទៅ ICJ ទៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែបញ្ហានេះ កម្ពុជាបានបញ្ជាក់រួចហើយថា ចំណុចទាំង៤ ដែលកម្ពុជាសម្រេចបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងកិច្ចប្រជុំនេះឡើយ៕