(ព្រះវិហារ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី បណ្តាញសហគ្រិនស្រ្តីកម្ពុជា សមាគមន៍សហគ្រិនស្រ្តីកម្ពុជា ព្រមទាំងវិស័យឯកជន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានពាំនាំការផ្ដាំផ្ញេីរបស់សម្ដេចម៉ែ ទៅកាន់នាយទាហាន ពលទាហាន អំពីការនឹករលឹក និងសួរសុខទុក្ខ ព្រមទាំងបានជូនពរឲ្យនាយទាហាន ពលទាហាន បំពេញការងារប្រកបដោយជោគជ័យ។

ក្នុងពិធីចុះសួរសុខទុក្ខនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពវៃឆ្លាតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុង ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះដែរ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន៖ កម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា ជំនួសមុខឱ្យគណៈប្រតិភូក្រសួង និងមន្ទីរកិច្ចការនារី ព្រមទាំងវិស័យឯកជន សូមសម្តែងនូវការកោតសរសើរ យ៉ាងពេញទំហឹងចំពោះវីរៈភាព ដ៏អង់អាចក្លាហានរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានពីបរទេស។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងទៀតថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គមជូនប្រទេសជាតិ និងប្រជាជន ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕