(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់អ្នកបើកបររថយន្ដទាំងអស់ សូមបង្កើនវិជ្ជាជីវៈ នៃការបើកបររបស់ខ្លួនឱ្យកាន់តែខ្ពស់ បង្កើនភាពប្រុងប្រយ័ត្នកុំបើកបរប្រជែង ត្រូវពិនិត្យបច្ចេកទេសរថយន្ដមុនធ្វើដំណើរជាចំបាច់។

ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា បានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដើម្បីលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា ក៏បានបញ្ជាក់ថា បងប្អូនកម្មករ កម្មការនី គឺជាជនរងគ្រោះ តែប៉ុណ្ណោះ គាត់បានផ្ដល់ថវិកា ជូនអ្នកបើកបរ ដើម្បីដឹកគាត់ពីកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះ ប៉ុន្ដែគាត់បានរងគ្រោះនៅលើនឹងដែរ ដោយសារជំនាញអ្នកបើកបរ ការមិនគោរពបច្ចេកទេសអ្នកបើកបរ ការប្រើប្រាស់ផ្លូវ ដែលធ្វើឱ្យកម្មករ កម្មការនីស្លាប់ និងរងរបួសនៅលើដងផ្លូវ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអំពាវនាវ ដល់អ្នកបើកបររថយន្ដទាំងអស់ សូមបង្កើនវិជ្ជាជីវៈ នៃការបើកបររបស់ខ្លួនឱ្យកាន់តែខ្ពស់ សូមបង្កើនភាពប្រុងប្រយ័ត្នកុំបើកបរប្រជែង ត្រូវពិនិត្យបច្ចេកទេសរថយន្ដមុនធ្វើដំណើរជាចំបាច់។ ជាមួយគ្នានេះ សូមអំពាវនាវទៅដល់បងប្អូន កម្មករ កម្មការនី ប្រសិនបើឡានដែលដឹកមិនមានបច្ចេកទេសគ្រប់គ្រាន់ អ្នកបើកបរមិនបានចូលរៀនបើកបរ មិនមានប័ណ្ណបើកបរជាក់លាក់នោះទេ ត្រូវតែពិចារណាថា ត្រូវតែបន្ដធ្វើដំណើរនៅរថយន្ដនិងទៀតដែរឬទេ? ពីព្រោះអាយុជីវិតរបស់យើង គឺស្ថិតនៅលើដៃរបស់អ្នបបើកបរតែម្នាក់ ខណៈដែលក្នុងមួយឡានមានមនុស្ស ២០ ទៅ ៣០នាក់»

ជាថ្មីម្ដងទៀត លោក ស៊ុន មេសា ក៏បានបន្ថែមថា សូមអ្នកបើកបរទាំងឡាយ ត្រូវប្រកាន់អាកប្បកិរិយា ដោយត្រឹមត្រូវ ហើយមានសិលធម៍ខ្ពស់នៅក្នុងការបើកបរ ហើយប្រសិនឡានដឹកកម្មករមានការប្រុងប្រយ័ត្ន បើឡានផ្សេងមិនមានការប្រុងប្រយ័ត្នក៏មានបញ្ហាដែរ។ អ្នកបើកបរត្រូវគោរព មើលបច្ចេកទេសឡានខ្លួនឯង កុំបើកបរលឿន ប្រសិនបើមិនទាន់មានប័ណ្ណបើកបរទេ សូមទៅរៀនបើកបរឱ្យចេះ ដើម្បីទទួលបានប័ណ្ណបើកបរ សម្រាប់អ្នកធ្វើដំណើរកុំបើកបរប្រញ៉ាប់ពេកនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍នៅតាមផ្លូវ៕