(ភ្នំពេញ)៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
គណៈកម្មការនេះ មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន អមដោយអនុប្រធានចំនួន៥រូបរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះ មានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណា ក៏កម្ពុជាទទួលយកផងដែរ។
សូមបញ្ជាក់ថា កម្ពុជា ធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ។
សេចក្តីសម្រេចស្តីពី៖ «ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី» រាជរដ្ឋាភិបាល៖
* ប្រការ១៖
ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន
២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន
៣- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន
៤- លោកជំទាវបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន
៥- ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាអនុប្រធាន
៦- ឯកឧត្តមបណ្ឌិត ស៊ កុសល រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន
៧- ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិក
៨- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិក
៩- ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក
១០- ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្តី្រ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ជាសមាជិក
១១- ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក
១២- ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាសមាជិក
១៣- ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាសមាជិក
១៤- ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាសមាជិក
១៥- ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ជាសមាជិក
* ប្រការ២៖
គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖
- ពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់
- ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ
- ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់
- ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
- ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹងរហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ
- រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
* ប្រការ៣៖
គណៈកម្មការនេះ មានក្រុមការងារចំណុះចំនួន២(ពីរ) ដូចខាងក្រោម៖
- ក្រុមការងារកិច្ចការច្បាប់
- ក្រុមការងារកិច្ចការការទូត។
* ប្រការ៤៖
ក្រុមការងារកិច្ចការច្បាប់ មានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធាន
២- ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន
៣- ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អនុប្រធាន
៤- ឯកឧត្តមបណ្ឌិត ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
៥- ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិក
៦- ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
៧- ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
៨- ឯកឧត្តម ស៊ុម សុខម្កូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សមាជិក
៩- ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សមាជិក
១០- ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សមាជិក
១១- ឯកឧត្តម កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១២- ឯកឧត្តម សាង តូនិច អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក
១៣- ឯកឧត្តម អាន សុវឌ្ឍនា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សមាជិក
១៤- ឯកឧត្តម ផល ពិសាល អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សមាជិក
១៥- ឯកឧត្តម រ៉ាអ៊ូល ម៉ាកជេណា ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិក
១៦- លោកជំទាវ ដានី ច័ន្ទរស្មីឈូករ័ត្ន សមាជិកាក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកា
១៧- ឯកឧត្តម ថូ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១៨- លោក សៅ ខូរ៉ាឌីន អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១៩- លោក ឆន ប៉ូល អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងសន្ធិសញ្ញា នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
២០- លោក ជូ វិធុរ័ក្សបណ្ឌិត ប្រធានការិយាល័យកិច្ចការព្រំដែន នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
២១- លោក ឆាយ ឆព្វណ្ណ អនុប្រធានការិយាល័យកិច្ចការព្រំដែន នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
ក្រុមការងារកិច្ចការច្បាប់ មានភារកិច្ចដូចតទៅ៖
- ពិនិត្យនិងផ្តល់យោបល់លើបញ្ជីឈ្មោះមេធាវីដែលបានមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច
- រៀបចំនិងចងក្រងឯកសារជាមួយមេធាវីអន្តរជាតិសម្រាប់បញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច
- សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ផ្នែកច្បាប់ជូនគណៈកម្មការ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធានគណៈកម្មការ។
* ប្រការ៥៖
ក្រុមការងារកិច្ចការការទូត មានសមាសភាពដូចខាងក្រោម៖
១- លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រធាន
២- ឯកឧត្តម ហម ក្រាញ់តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្តី្រ អនុប្រធាន
៣- ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
៤- ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
៥- ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
៦- ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
៧- ឯកឧត្តម អ៊ូក សោភ័ណ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជានាយកខុទ្ទកាល័យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិក
៨- ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
៩- ឯកឧត្តម ឈូក ប៊ុណ្ណ អគ្គនាយក នៃអគ្គនាយកដា្ឋនអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១០- ឯកឧត្តម ធុច ដាលីន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១១- លោក ឡៅ សុខសំភា ប្រធាននាយកដ្ឋានកិច្ចការព្រំដែន នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
១២- លោក សុក សុធារ៉ា អនុប្រធាននាយកដ្ឋានកិច្ចការព្រំដែន នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក។
ក្រុមការងារកិច្ចការការទូត មានភារកិច្ចដូចតទៅ៖
- សម្របសម្រួលជាមួយស្ថានតំណាងកម្ពុជានៅបរទេសក្នុងទំនាក់ទំនងពាក់ព័ន្ធនឹងឯកសារនានាជាមួយមេធាវីអន្តរជាតិ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធានគណៈកម្មការ។
* ប្រការ៦៖
អនុប្រធាននិងសមាជិកនៃគណៈកម្មការនិងក្រុមការងារចំណុះគណៈកម្មការ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានមួយរូបដឹកនាំកិច្ចប្រជុំជំនួស។
* ប្រការ៧៖
គណៈកម្មការនិងក្រុមការងារចំណុះគណៈកម្មការ អាចអញ្ជើញឥស្សរជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងជំនាញការជាតិនិងអន្តរជាតិ ចូលរួមប្រជុំ ពិគ្រោះយោបល់ តាមការចាំបាច់។
*ប្រការ៨៖
គណៈកម្មការ មានសិទ្ធិប្រើត្រារបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងារ។
* ប្រការ៩៖
ការចំណាយរបស់គណៈកម្មការនិងក្រុមការងារចំណុះគណៈកម្មការ ជាបន្ទុកថវិការបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
* ប្រការ១០៖
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
* ប្រការ១១៖
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។