(ព្រះវិហារ)៖ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នានេះនឹងសារៈសំខាន់របស់វិស័យព័ត៌មាននេះ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មាន ក្នុងខេត្តព្រះវិហារ ពង្រឹងការផលិតព័ត៌មាន បង្កើតមាតិកា និងបង្កើតមុមសរសេរព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប សម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តព្រះវិហារ ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន មិនមែនគ្រាន់តែប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែ ត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ និងកិច្ចការងារព័ត៌មាន និងសាធារណមតិព្រោះក្នុងបរិបទបច្ចុប្បន្ន ការងារសាធារណមតិកាន់តែស្រួចស្រាល ហើយក្រុមជនអគតិក៏បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើនដែលចាំបាច់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា តួនាទីរបស់មន្ទីរព័ត៌មាន ជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់សារៈសំខាន់នៃកិច្ចសហការក្នុងចំណោមមន្ទីរអង្គភាពនៅតាមខេត្ត និងការគាំទ្រពីគណៈអភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។ ដូចនេះ សូមលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។

បើតាមលោក គីម រិទ្ធី ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តព្រះវិហារ អនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដោយបានផលិតព័ត៌មានល្អៗជាច្រើនដើម្បីផ្សព្វផ្សាយពីសក្តានុពល និងសកម្មភាពរបស់រដ្ឋបាលខេត្តសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋ។

លោក គីម រិទ្ធី បានលើកឡើងថា ការងារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងជីវិតប្រចាំថ្ងៃ គឺមិនអាចខ្វះព័ត៌មានបាននោះទេ។ ដូច្នេះហើយមន្ទីរព័ត័មាន គឺមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ ដែលកើតឡើងនោះគួរដាក់ផ្សាយ ឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នកសារព័ត៌មាន ក៏មានតួនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ។

ចំណែកលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្នុងនាមជាសេនាធិការឱ្យក្រសួងព័ត៌មាន និងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត បានខិតខំបំពេញតួនាទីភារកិច្ចលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយយកចិត្តទុកដាក់ជាសំខាន់ គឺផ្សព្វផ្សាយព័ត៌មានពិត និងមានគុណភាពជូនដល់ប្រជាពលរដ្ឋ ក្នុងគោលដៅទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គមស្របតាមគោល ដៅបញ្ចកោណមុំទី៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ លទ្ធផលដែលមន្ទីរព័ត៌មានខេត្តព្រះវិហារ បានយកចិត្តទុកដាក់អនុវត្តន៍នោះ គឺការចុះយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត ក្រុង/ស្រុក និងបន្តពីថ្នាក់ជាតិ អំពីសភាពការណ៍ថ្មីៗព្រមទាំងសមិទ្ធផលនានាដែលអាជ្ញាធរ និងសហគមន៍សម្រេចបាន ដើម្បីឆ្លុះបញ្ចាំងបញ្ហាទាំងនេះទៅ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕