(នីស, បារាំង)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសបែលហ្ស៊ិក ចូលជួបសម្ដែងការ​គួរ​សម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់​អង្គការ​សហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនោះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេច​មហា​​បវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និង​គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកស្រីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌​នៃប្រទេស​ទាំងពីរ ជាពិសេសវឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាង​ក្រសួងទាំងពីរ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហ​ប្រតិ​បត្តិ​ការល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យ​អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។

សម្តេចមហាធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការ​ពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត។ សម្ដេចមហាបវរធិប​តី​ក៏បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញការបញ្ចប់នីតិ​វិធី​ផ្ទៃ​ក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដែលបានបញ្ចប់កិច្ច​ពិភាក្សារួចរាល់៕