(ភ្នំពេញ)៖ កម្ពុជា និងថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លង​ច្រក​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦។

ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច)ឆ្លងកាត់​ព្រំដែន​​ជាឯកតោភាគីរបស់ថៃ​ នៅច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក​ការ​លំបាក និងប៉ះពាល់ដល់សិស្សដែល​ឆ្លងកាត់​ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។

ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ឧត្តម​សេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធាន​ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មាន​លោក​អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ​នៅច្រកទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរ​សេនីយ៍​ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្រប​សម្រួល​ដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឱ្យបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុ​សិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្ស ដែលចូល​ទៅ​សិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

តាមរយៈការជជែកនេះភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាជួយសម្រួលដល់​ការ​ចេញចូល​របស់សិស្សដោ​យពេលព្រឹកចេញចូលវេលាម៉ោង ៦៖០០នាទី - ៨៖០០នាទី ហើយពេលល្ងាចចេញចូល វេលាម៉ោង ១៧៖០០នាទី - ១៨៖០០នាទី។ ការសម្រួលនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥តទៅ៕