(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានរំឭកអំពីវត្តមានរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។

បន្ថែមលើនេះ សម្ដេចបវរធិបតី ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីកូតឌីវ័រ បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ បានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីសង្ឃឹមថានឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។

នាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថានឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និងឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕