(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

លោក ប៉ែន បូណា បានបន្តថា គណៈកម្មការនេះមានភារកិច្ចពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ដើម្បីការពារក្តី ពិនិត្យ និងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)...។ នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

លោក ប៉ែន បូណា បានលើកឡើងថា បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរ និងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំ និងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។ 

ជាមួយគ្នានេះដែរ លោក ប៉ែន បូណា បានបន្តថា ពិតណាស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែង និងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែ គឺជាសកម្មភាពជាក់ស្តែង។ ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់ព្រំដែនដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជាឧទាហរណ៍ស្រាប់។

លោក ប៉ែន បូណា បានបញ្ជាក់ថា ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹងណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី។

លោក ប៉ែន បូណា បានបន្ថែមថា ដូច្នេះ សូមបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតីនៅថ្ងៃនេះដែលសម្តេច បានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

គណៈកម្មការនេះ មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន អមដោយអនុប្រធានចំនួន៥រូបរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះ មានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕