(នីស, បារាំង)៖ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានាធិបតីបារាំង បានសម្តែងក្តីសោមនស្ស​រីក​រាយ​ដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រ​ទេស​បារាំង និងបានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។

លោកប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹក​នាំ​​របស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការ​គាំទ្រ​ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានអរគុណលោកប្រធានាធិបតី ដែល​បាន​ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយ​ដែលបានជួបលោកប្រធានាធិបតីជាថ្មីទៀត។ សម្តេចមហាបវរធិបតី បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ដែលផ្តល់ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ ក្នុងឆ្នាំ២០២៦។

ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចមហាបវរធិបតី បានសម្តែងការពេញ​ចិត្ត​ចំពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំ​ឯក​សារ​ផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើក​កម្រិត​នៃទំនាក់​ទំនងកម្ពុជា-បារាំង ជា «ដៃគូយុទ្ធសាស្ត្រ»។

សម្តេចមហាបវរធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិ​សុខ ថាមពល និងវប្បធម៌ ជាដើម។

លោកប្រធានាធិបតីបារាំង នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រ​សួង​ពា​ណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា ពិភព​លោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា​ក្នុងវិស័យ​បោសសម្អាត​មីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចមហាបវរធិបតី និងលោកប្រធានា​ធិបតី បានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយ​ចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕