(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការអនុញ្ញាតឲ្យសិស្សានុសិស្សអាចចេញ-ចូល មុនម៉ោង៨ព្រឹក ដើម្បីបញ្ចៀសការខកម៉ោងចូលរៀន។

ក្រោយការឯកភាពគ្នារវាងភាគីទាំងពីរ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានបើកនៅម៉ោង៦ព្រឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអាចឆ្លងកាត់ ទាន់ម៉ោងសិក្សារបស់ពួកគេ។

ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។

ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្របសម្រួលដល់ការចេញ-ចូលរបស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឲ្យបានចូល-ចេញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្សដែលចូល ទៅសិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈការជជែកនេះភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាជួយសម្រួលដល់ការចេញចូល របស់សិស្សដោយពេលព្រឹកចេញចូលវេលាម៉ោង ៦៖០០នាទី-៨៖០០នាទី ហើយពេលល្ងាចចេញចូលវេលាម៉ោង១៧៖០០នាទី-១៨៖០០នាទី។ ការសម្រួលនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥តទៅ៕