(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
នាឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកពីវីរៈភាពរបស់មន្រ្តីសុខាភិបាលដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំជូនថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីសមិទ្ធិផល ដែលគណៈប្រតិភូក្រសួងសុខាភិបាលទទួលបាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសុខភាពពិភពលោក (78th World Health Assembly) លើកទី៧៨។
ជាមួយគ្នានោះលោកសាស្ត្រាចារ្យបាននាំយកនូវសេចក្តីស្រឡាញ់រាប់អាន ការកោតសើរពីនាយកប្រចាំតំបន់ (WHO-Western Pacific Region, Regional Director) និង ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក Dr Tedros នាជំនួបទ្វេភាគី មកដល់គ្រប់បុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។
ជាកិច្ចបន្តលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំនុចសំខាន់ៗនៃនិយមន័យនៃភាពជាអ្នកដឹកនាំក្នុងស្ថានភាពបច្ចុប្បន្ន។ បន្ថែមពីលើនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើយកប្រធានបទ «ភាពចាំបាច់ និងភាពចៃដន្យ» ជាផ្នែកមួយនៃវិចារវិទ្យាបែបសម្ភារៈនិយម មកធ្វើការពន្យល់សម្រាប់ជួយឱ្យថ្នាក់ដឹកនាំ អាចស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុឬបាតុភូតិ។ គោលគំនិតនេះអាចជួយឱ្យអ្នកដឹកនាំ អាចទទួលយកអ្វីដែលមានភាពចាំបាច់ និងមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ភាពចៃដន្យដែលអាចកើតមានឡើង៕