(ភ្នំពេញ)៖ ​ក្រសួងធនធានទឹក និងឧតុនិយម ​នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់សាធារណជន​ អំពីស្ថានភាពវិវត្តន៍នៃអាកាសធាតុ និងធាតុអាកាសនៅ​កម្ពុជា ​ដោយក្រសួងបានបញ្ជាក់ថា សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ២០២៥ ​បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ប៉ុន្តែយ៉ាងនេះក្តី ក្រសួងបានបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

​ក្រសួងធនធានទឹក និងឧតុនិយម ​អំពាវនាវដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក​៕