(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅទីក្រុងនីស ប្រទេសបារាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំ​គណៈ​​​​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងនីស ប្រទេស​បារាំង ដើម្បីអញ្ជើញចូលរួមសន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពីមហា​សមុទ្រ​លើកទី៣ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងអគ្គលេខា​ធិការ​អង្គការ​​សហប្រជាជាតិ។

ក្នុងឱកាសអញ្ជើញបំពេញការងារនៅប្រទេសបារាំងនេះ ក្រៅពីអញ្ជើញចូលរួមក្នុង​សន្និ​សីទស្តីពីបញ្ហាសមុទ្រហើយនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសនានា រួមទាំងប្រធានាធិបតីបារាំងផងដែរ។

ការធ្វើដំណើរពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា ត្រូវចំណាយពេលវេលាជាង២០ម៉ោង៕